រាជធានីភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ — រ៉ូតារីកម្ពុជា មានកិត្តិយសទទួលស្វាគមន៍លោកស្រី Jennifer A. Scott អភិបាលរ៉ូតារីអន្តរជាតិ (Rotary International Director) និងជាបេសកជនពិសេសរបស់ប្រធានរ៉ូតារីពិភពលោក ព្រមទាំងលោក Andrew Best ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់រ៉ូតារីអន្តរជាតិ ចំពោះការរីកចម្រើនរបស់រ៉ូតារីនៅកម្ពុជា ព្រមទាំងបញ្ជាក់ឡើងវិញនូវការប្តេជ្ញារួម ក្នុងការពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការបម្រើមនុស្សជាតិ ស្របតាមបាវចនារបស់រ៉ូតារី “ការបម្រើលើសពីផលប្រយោជន៍ផ្ទាល់ខ្លួន” (Service Above Self)។
ក្នុងឱកាសនេះ គណៈប្រតិភូរ៉ូតារីអន្តរជាតិ បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសមាជិករ៉ូតារីនៅកម្ពុជា ព្រមទាំងតំណាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ដើម្បីផ្លាស់ប្តូរទស្សនៈ ស្វែងរកកាលានុវត្តភាពថ្មីៗ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងមនុស្សធម៌ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍នៅកម្ពុជា។
ជាច្រើនឆ្នាំកន្លងមក រ៉ូតារីកម្ពុជា បានបន្តរួមចំណែកជាមួយសហគមន៍ និងដៃគូជាតិ និងអន្តរជាតិ ក្នុងការអនុវត្តគម្រោងនានាលើវិស័យអប់រំ សុខភាព ការបង្ការ និងទប់ស្កាត់ជំងឺ ការលើកកម្ពស់សុខភាពមាតា និងទារក ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ការការពារបរិស្ថាន ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ ការកសាងសន្តិភាព និងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់យុវជន។
សកម្មភាពមនុស្សធម៌ទាំងនេះ គឺជាការបង្ហាញពីស្មារតីនៃការបម្រើ និងការរួមចំណែករបស់រ៉ូតារីកម្ពុជា ក្នុងការលើកកម្ពស់គុណភាពជីវិត និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ការងារទាំងអស់នេះ ត្រូវបានបន្តអនុវត្តក្រោមមូលបទ “ស្វែងរកឱកាស រួបរួមកម្លាំង និងធ្វើសកម្មភាព” (Discover, Unite and Act) ដោយផ្តោតលើការសហការជាមួយស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូអន្តរជាតិ ដើម្បីបង្កើតផលប្រយោជន៍ជាក់ស្តែងសម្រាប់សង្គម។
ជាមួយគ្នានេះដែរ រ៉ូតារីកម្ពុជា បានថ្លែងអំណរគុណចំពោះរ៉ូតារីអន្តរជាតិ ដែលបានផ្តល់ការគាំទ្រ ទំនុកចិត្ត និងការលើកទឹកចិត្តជាបន្តបន្ទាប់ ចំពោះការអភិវឌ្ឍរ៉ូតារីនៅកម្ពុជា។ ដំណើរទស្សនកិច្ចរបស់លោកស្រី Jennifer A. Scott និងលោក Andrew Best ត្រូវបានចាត់ទុកថា ជាកាលានុវត្តភាពដ៏មានតម្លៃក្នុងការពង្រឹងទំនាក់ទំនង និងភាពជាដៃគូរវាងរ៉ូតារីអន្តរជាតិ និងរ៉ូតារីកម្ពុជា ព្រមទាំងជំរុញការអនុវត្តគម្រោងមនុស្សធម៌ឱ្យកាន់តែមានវិសាលភាព និងប្រសិទ្ធភាព។
រ៉ូតារីកម្ពុជា បន្តឆន្ទះនិងប្តេជ្ញាចិត្ត ចូលរួមចំណែកជាមួយរ៉ូតារីអន្តរជាតិ និងដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការកសាងសហគមន៍ដែលមានភាពរឹងមាំ បរិយាបន្ន សន្តិភាព និងវិបុលភាព ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន និងប្រកបដោយចីរភាពសម្រាប់មនុស្សជាតិ។








