ឧកញ៉ា ឆាយ ស៊ីវលីន ចាត់ទុក «កោះអំពិល FullMoon» ជាទ្រព្យដ៏មានតម្លៃរបស់កម្ពុជា ដែលត្រូវចងក្រងជាកញ្ចប់ទេសចរណ៍អន្តរជាតិ

ជុំវិញ​ឧកញ៉ា

លោកជំទាវ ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានដឹកនាំទស្សនកិច្ចសិក្សាទៅកាន់ «កោះអំពិល FullMoon» ដែលជារីសតដ៏ប្រណិត និងលេចធ្លោមួយស្ថិតនៅក្នុងខេត្តកោះកុង ដើម្បីស្វែងយល់ពីសក្តានុពល និងការផ្តល់សេវាកម្មទេសចរណ៍លំដាប់ខ្ពស់នៅទីនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ លោកជំទាវប្រធានសមាគមបានវាយតម្លៃខ្ពស់ចំពោះ «កោះអំពិល FullMoon» ដែលជារីសតលំដាប់ប្រណិត បំពាក់ទៅដោយសេវាកម្មបដិសណ្ឋារកិច្ចល្អឥតខ្ចោះ។ បន្ថែមពីលើនេះ រីសតនេះក៏មានចុងភៅដែលពោរពេញដោយបទពិសោធន៍ខ្ពស់ ក្នុងការច្នៃប្រឌិតម្ហូបអាហារសមុទ្រដ៏សំបូរបែប ផ្តល់ជូននូវបទពិសោធន៍ដ៏វិសេសវិសាលសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកជំទាវឧកញ៉ា ឆាយ ស៊ីវលីន បានបញ្ជាក់ថា ទីតាំងរមណីយដ្ឋាននេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់កម្ពុជា។ ជាមួយគ្នានេះ ការីទេសចរណ៍កម្ពុជាមានមោទនភាពយ៉ាងខ្លាំង ក្នុងការចងក្រងរមណីយដ្ឋានដ៏ប្រណិតនេះជាកញ្ចប់ទស្សនកិច្ច ដើម្បីយកទៅផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរនៅលើឆាកអន្តរជាតិឱ្យមកកម្សាន្តនៅប្រទេសកម្ពុជាកាន់តែច្រើនឡើង។

សូមជម្រាបថា លោកជំទាវ ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានអញ្ជើញជួបស្វាគមន៍ភ្ញៀវជា ទីភ្នាក់ងារទេសចរណ៍ឥណ្ឌា ពីទីក្រុងញូដេលី ចំនួន២៣ក្រុមហ៊ុន ដែលមានរយៈពេល៨ថ្ងៃ ៧យប់ ដែលអញ្ជើញមកកម្ពុជាតាមការអញ្ជើញរបស់សមាគមទេសចរណ៍កម្ពុជាដើម្វីធ្វើទស្សនកិច្ចសិក្សាទៅលើសក្តានុពលទេសចរណ៍ វប្បធម៏ បេតិកភណ្ឌ័ តំបន់កំសាន្ត តំបន់ឆ្នេរ និងបច្ចុប្បន្នភាពនៃសេវាកម្ម និងផលិតផលទេសចរណ៍ ជាពិសេស បង្ងាញពីស្ថានភាពជាក់ស្តែងថាកម្ពុជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព៕