ឧកញ៉ា ស៊ិន ចន្ធី តំណាងអ្នកឧកញ៉ា គិត ម៉េង ចូលរួមកិច្ចប្រជុំក្នុងការរៀបចំប៉ាណូឡិកាភស្តុភារកម្ម

ជុំវិញ​ឧកញ៉ា

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន, ឧកញ៉ា ស៊ិន ចន្ធី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានក្រុមការងារ “ច” “ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន” ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈ​កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាសមាជិកនៃគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំក្នុងការ​រៀបចំ​ប៉ាណូឡិកាភស្តុភារកម្ម ដែលដឹកនាំដោយ ឯកឧត្តម ឈៀង ពេជ្រ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័ន​ពាក់ព័ន្ធ តំណាងគ្រឹះស្ថាន សមាគមឯកជន តំណាងកំពង់ផែ និងអ្នកពាក់ព័ន្ធក្នុងការរៀបចំនេះមួយចំនួនទៀត។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សាគ្នារវាងភាគីពាក់ព័ន្ធ ក្នុងការ​ប្រមូលនូវ តារាងប្រភពទិន្នន័យ ដើម្បីដាក់បញ្ចូលទៅក្នុងប៉ាណូឡិការភស្តុភារកម្ម (Logistic Dashboard) ដោយលម្អិតតាមផ្នែកនីមួយៗ ដើម្បីបង្ហាញអំពីប្រសិទ្ធិភាពប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម មុននឹងឈានទៅដល់ការពិនិត្យ និងសម្រេចដោយក្រុមប្រឹក្សាជាតិភស្តុភារកម្មកម្ពុជា។

សូមជម្រាបជូនថា ការៀបចំប៉ាណូឡិការភស្តុភារកម្ម (Logistic Dashboard) គឺជាការសហការគ្នារវាងក្រសួង​សាធារណការ និងដឹកជញ្ជូន និងធនាគារពិភពលោក។​

ធនាគារពិភពលោក បានរៀបចំរួចរាល់ និងដាក់ជូនក្រុមប្រឹក្សាជាតិភស្តុភារកម្មនូវ របាយការណ៍ សិក្សានៃប៉ាណូ​ឡិកាភស្ដុភារកម្ម (Conceptual framework of Logistics Dashboard) ដែល ជាឧបករណ៍សម្រាប់រក្សាទុក វិភាគ និងប្រើប្រាស់ទិន្នន័យ ដោយបង្ហាញនូវទិន្នន័យភស្តុភារកម្ម ពិស្ដារ និងតាមពេលវេលាជាក់ស្ដែង (Real-time​ data) ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយជាតិ គោលនយោបាយយុទ្ធសាស្តពាក់ព័ន្ធ​សម្រាប់វិស័យភស្តុភារ​កម្មនៅកម្ពុជា។