អ្នកឧកញ៉ា គិត ម៉េង ចាត់តាំងឧកញ៉ា តាន់ មុនីវណ្ណ ចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា នៅក្នុងពិធីសម្ពោធ «ស៊េរីពិព័រណ៍កម្ពុជា ឆ្នាំ២០២៦»

ជុំវិញ​ឧកញ៉ា

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា នៅក្នុងពិធីសម្ពោធ «ស៊េរីពិព័រណ៍កម្ពុជា ឆ្នាំ២០២៦» ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសម្ពោធនេះមានការចូលរួម ឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ធុរជន វិនិយោគិន និងតំណាងក្រុមហ៊ុនជាតិ-អន្តរជាតិជាច្រើនរូប។

ស៊េរីពិព័រណ៍កម្ពុជា ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិដ៏មានសារៈសំខាន់ សម្រាប់ជំរុញការអភិវឌ្ឍវិស័យ កសិកម្ម បសុសត្វ វារីវប្បកម្ម អាហារ និងភេសជ្ជៈ សត្វចិញ្ចឹម ឱសថ បរិក្ខារវេជ្ជសាស្ត្រ មន្ទីរពិសោធន៍ សម្រស់ និងផលិតផលប្រើប្រាស់។

ថ្លែងទៅកាន់អង្គពិធី ឧកញ៉ា តាន់ មុនីវណ្ណ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ភ្ញៀវកិត្តិយស តំណាងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងដៃគូអាជីវកម្មជាតិ និងអន្តរជាតិទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

លោកឧកញ៉ាបណ្ឌិត ក៏បានថ្លែងថា ពិព័រណ៍នេះនឹងក្លាយជាឱកាសដ៏ល្អសម្រាប់ធុរជន និងវិនិយោគិន ក្នុងការស្វែងរកដៃគូអាជីវកម្មថ្មីៗ បង្កើតកិច្ចសហប្រតិបត្តិការ ពង្រឹងទំនាក់ទំនងអាជីវកម្ម និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់។ ជាពិសេស ព្រឹត្តិការណ៍នេះនឹងរួមចំណែកជួយឱ្យវិស័យ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងវិស័យពាក់ព័ន្ធនៅកម្ពុជា កាន់តែមានសមត្ថភាពប្រកួតប្រជែង និងមានភាពរឹងមាំបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ លោកឧកញ៉ា បានអំពាវនាវដល់ក្រុមហ៊ុន និង សហគ្រាសឯកជនទាំងអស់ សូមចូលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ និងសេវាគាំទ្រផ្សេងៗ ព្រមទាំងមានឱកាសចូលរួមក្នុងបណ្តាញធុរជននិងសកម្មភាពផ្សេងៗរបស់សភាពាណិជ្ជកម្មកម្ពុជា ហើយក៏បានបន្ថែមទៀតថា សភាពាណិជ្ជកម្មកម្ពុជា ដែលជាតំណាងឱ្យវិស័យឯកជន តែងតែចូលរួមការពារផលប្រយោជន៍ស្របច្បាប់របស់វិស័យឯកជន ព្រមទាំងដើរតួនាទីជា ស្ពានភ្ជាប់រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា។