អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ប្រកាសមិនប្រើប្រាស់ផលិតផលថៃ និងជឿថាកម្ពុជានឹងឯករាជ្យលើវិស័យផលិតម្ហូបអាហារ ៧០% ក្នុងរយៈពេល ៣ឆ្នាំទៀត

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានប្រកាសថាមួយជីវិតនេះលោកនឹងប្រើប្រាស់ផលិតផលថៃជាដាច់ខាត និងជឿជាក់ថា យ៉ាងយូរបំផុត ៣ឆ្នាំទៀត កម្ពុជានឹងឯករាជ្យលើវិស័យផលិតម្ហូបអាហារប្រមាណ ៧០% ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកសម្រាប់ពលរដ្ឋខ្មែរ​បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកឧកញ៉ា បណ្ឌិត បានបង្ហោះសារសង្គត់ធ្ងន់បែបនេះថា៖ “យូរបំផុត៣ឆ្នាំទៀតកម្ពុជានឹងឯករាជ្យលើវិស័យផលិតម្ហូបអាហារយ៉ាងតិច ៧០% មិនថាព្រំដែនបើកឬបិទ ជាតិនេះខ្ញុំមិនប្រើផលិត​ផលអាចោរសៀមដាច់ខាត”។

គួររំឭកថា ការបិទព្រំដែនគោកកម្ពុជា-ថៃ បានកើតឡើងតាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដោយក្រុមយោធាថៃបានសម្រេចបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយឯកតោភាគី។ ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីមានភាពតានតឹងលើបញ្ហាព្រំដែន។ ការបិទនេះ មិនអនុញ្ញាតឱ្យមានមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ ឬទំនិញចេញចូលនោះទេ ដែលធ្វើឱ្យពលរដ្ឋកម្ពុជាងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក ឬផលិតផលបណ្តាប្រទេស​ផ្សេង​ក្រៅពីផលិតផលថៃជំនួញវិញ។

សូមជម្រាបថា អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វីរៈប៊ុនថាំ គ្រុប ដែលបច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea និងសណ្ឋាគារ រីសតជាង ១០កន្លែង ព្រមទាំងម្ចាស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ហ្វ៊ូដ។ រោងចក្រក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ៊្វូដ បច្ចុប្បន្នសាងសង់សម្រេចបានប្រមាណជាង ៦០% ហើយ និងកំពុង​បន្តអភិវឌ្ឍឆ្ពោះទៅរករោងចក្រផលិតកម្មដ៏ទំនើបមួយ ដែលមានសមត្ថភាពផលិត និងផ្គត់ផ្គង់គ្រឿងទេស​គ្រប់​ប្រភេទ ប្រកបដោយគុណភាព ស្តង់ដារ និងទំនុកចិត្ត៕