ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group និងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានបង្ហាញទស្សនៈយល់ឃើញថា គម្លាតតម្រូវការទីផ្សារការងារនៅកម្ពុជា និងនិស្សិតបញ្ចប់ការសិក្សា នៅមានកម្រិតខ្ពស់ គឺដោយសារកត្តាមួយចំនួន ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ក្នុងបទសម្ភាសន៍លើប្រធានបទ «ការត្រៀមខ្លួនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយតបទីផ្សារការងារ» របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកឧកញ៉ា បានលើកឡើងបែបនេះថា៖ “ជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ប្រព័ន្ធអប់រំរបស់យើងក៏ជាកត្តារុញគម្លាតដែរ ដូចជាការរៀនទ្រឹស្តីច្រើន ទោះបីស្ថិតក្នុងកម្រិតបណ្តុះបណ្តាលបែបណាក៏ដោយ ប៉ុន្តែនៅប្រទេសគេប្រើកម្មវិធីបញ្ចូលគ្នា ដោយមិនមែនសិក្សា៤ឆ្នាំ រួចមកចុះកម្មសិក្សារយៈពេលត្រឹម ៦ខែចុងក្រោយនោះទេ។ នៅពេលដែលយើងរៀនតែទ្រឹស្តី ៤ឆ្នាំ ទម្រាំតែចប់គឺបរិបទការងារបានប្រែប្រួលទៅបាត់។ ដូច្នេះបានបណ្តាប្រទេសមួយចំនួនការបណ្តុះបណ្តាលគេប្រើ Dual Program ជាពិសេសប្រទេសអាល្លឺម៉ង់ គឺគេរៀនទ្រឹស្តីនិងការអនុវត្តបណ្តេញពេលស្មើគ្នា”។
លោកឧកញ៉ា បានបន្ថែមទៀតថា៖ “កត្តាគម្លាតមួយទៀតគឺ ម្ចាស់អាជីវកម្មសហគ្រាស ធុនតូច និងមធ្យមខ្លះ មិនដឹងថាខ្លួនឯងត្រូវការបុគ្គលិកប៉ុន្មាននាក់ ឬត្រូវការផ្នែកអ្វីខ្លះនោះទេ ដោយគ្មានផែនការអាជីវកម្មរយៈពេលវែង។ ដូច្នេះក្នុងនាមវិស័យឯកជនក៏ត្រូវបណ្តុះបណ្តាលផ្នែកនេះដែរ ដោយត្រូវតែមានផែនការរយៈពេល ៣ឆ្នាំ ទៅ ៥ឆ្នាំ។ ម្យ៉ាងទៀត ចំណេះដឹងរបស់សហគ្រិន ក៏ត្រូវមានចក្ខុវិស័យវែងឆ្ងាយ យល់ដឹងពីសេដ្ឋកិច្ច ដើម្បីអាចដឹងថាវិស័យរបស់គាត់ ឬក្រុមហ៊ុនរបស់គាត់ត្រូវការបុគ្គលិកជំនាញបែបណា”។
លោកឧកញ៉ា ប៉ិច បូឡែន បានសង្គត់ធ្ងន់ជារួមថា ដើម្បីឱ្យសិស្សនិស្សិតខ្មែរបញ្ចប់ការសិក្សាទទួលបានការងារច្រើន កាត់បន្ថយគម្លាតគ្មានការងារធ្វើ គឺចាំបាច់ណាស់ វិស័យរដ្ឋផ្នែកអប់រំឧត្តមសិក្សា ឬបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យឯកជន ឬម្ចាស់ក្រុមហ៊ុន សហគ្រាសនានា ត្រូវចូលរួមសហការគ្នា សម្រួចឱ្យត្រូវទៅតាមបរិបទការងារនាពេលបច្ចុប្បន្ន៕



