នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកទឹកចិត្ត និងពន្យល់ណែនាំដល់សិស្សានុសិស្សអំពីការរៀបចំខ្លួន និងការជ្រើសរើសផ្លូវជីវិត បន្ទាប់ពីទទួលបានលទ្ធផលប្រឡងបាក់ឌុប។

អ្នកឧកញ៉ាបានបញ្ជាក់ថា ការប្រឡងធ្លាក់ ឬជាប់ មិនមែនជាគ្រឿងវាស់វែងអំពីសមត្ថភាព ជំនាញ ចំណេះដឹង អត្តចរិត ឬការលូតលាស់នៃជីវិតទៅមុខនោះទេ ហើយក៏គ្មាននរណាម្នាក់អាចកាត់ក្ដីជីវិតរបស់យើងបានដែរ។ ការប្រឡងនេះ គឺជាជំពូកមួយយ៉ាងតូចក្នុងចំណោមរាប់រយជំពូកនៃជីវិតប៉ុណ្ណោះ ហើយជីវិតរបស់សិស្សានុសិស្សគឺទើបតែចាប់ផ្ដើម និងនៅមានផ្លូវដើរវែងឆ្ងាយទៀត។ ដូច្នេះ ពេលធ្លាក់បាក់ឌុប មិនមែនជាពេលត្រូវអស់សង្ឃឹមនោះឡើយ ព្រោះយើងនៅមានជម្រើសច្រើនក្នុងដៃ។
ចំពោះទិសដៅទៅមុខទៀត អ្នកឧកញ៉ាបានផ្ដល់ជម្រើសជាច្រើន។ ប្រសិនបើចង់បានសញ្ញាបត្របាក់ឌុបខ្លាំង សិស្សអាចត្រៀមខ្លួនប្រឡងឡើងវិញនៅឆ្នាំបន្ទាប់ ឬអាចជ្រើសរើសរៀនថ្នាក់បរិញ្ញាបត្ររង ដើម្បីបន្តការសិក្សាទៅមុខទៀត។ លើសពីនេះ សិស្សក៏មិនបាច់ខ្វល់ខ្វាយលើសញ្ញាបត្របាក់ឌុបពេកនោះដែរ ដោយសារបច្ចុប្បន្នមានសាលាបណ្ដុះបណ្ដាលជំនាញជាច្រើន ពីព្រោះទីផ្សារការងារ និងប្រទេសជាតិ ត្រូវការកម្លាំងពលកម្មផ្នែកជំនាញរហូតដល់ជាង ៦០% ឯណោះ ដែលតម្រូវការភាគច្រើនមិនមែនជាថ្នាក់បរិញ្ញាបត្រនោះទេ ប៉ុន្តែជាជំនាញបច្ចេកទេសជាក់ស្ដែង។
ជាមួយគ្នានេះដែរ អ្នកឧកញ៉ាបានលើកឡើងថា ការរៀនជំនាញវិជ្ជាជីវៈខ្លីៗ ឆាប់ចប់ និងចេះពិតប្រាកដ អាចផ្ដល់ឱកាសឱ្យទទួលបានប្រាក់ខែខ្ពស់ ពេលខ្លះអាចខ្ពស់ជាងអ្នកបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) ទៀតផង។ ជាក់ស្ដែង អ្នកជំនាញបច្ចេកទេសដូចជា ជាងម៉ាស៊ីនត្រជាក់ ជួសជុលរថយន្ត អេឡិចត្រូនិក មេកានិច សំណង់ ឬជំនាញ Software ផ្សេងៗ គឺសុទ្ធសឹងជាជំនាញដែលទីផ្សារត្រូវការខ្លាំង និងទទួលបានប្រាក់ខែល្អ ហើយភាគច្រើនតម្រូវត្រឹមតែវិញ្ញាបនបត្រ (Certificate) ឬសញ្ញាបត្រវិជ្ជាជីវៈ (Diploma) ប៉ុណ្ណោះ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលក៏កំពុងជំរុញ គាំទ្រ និងផ្តល់អាហារូបករណ៍ជាច្រើនលើផ្នែកជំនាញវិជ្ជាជីវៈនេះផងដែរ៕

