សាលាវេស្ទើនអន្តរជាតិ របស់ឧកញ៉ា តែ ឡូរិន មានសិស្សប្រឡងបាក់ឌុប ជាប់និទ្ទេស “A” ក្នុងចំនួនដ៏ច្រើន

ជុំវិញ​ឧកញ៉ា

សាលាវេស្ទើនអន្តរជាតិ (Western International School) របស់ឧកញ៉ា តែ ឡូរិន បានបង្ហាញពីមោទនភាពយ៉ាងខ្លាំង បន្ទាប់ពីសិស្សានុសិស្សឆ្នើមថ្នាក់ទី១២ ចំនួន ៤៩ នាក់ ទទួលបាន និទ្ទេស “A” ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥–២០២៦ ទាំងការប្រឡងជាភាសាខ្មែរ និងភាសាអង់គ្លេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្វីដែលកាន់តែគួរឱ្យមោទនភាពនោះគឺ សិស្សានុសិស្សថ្នាក់ទី១២ របស់សាលាវេស្ទើនអន្តរជាតិ ចំនួន ៨៨% បានជ្រើសរើសប្រឡងផ្នែកវិទ្យាសាស្ត្រ ដែលជាផ្នែកមានកម្រិតប្រកួតប្រជែងខ្ពស់ និងទាមទារការខិតខំប្រឹងប្រែងខ្លាំង។

សមិទ្ធផលដ៏ឆ្នើមនេះ គឺជាផ្លែផ្កានៃ ការខិតខំប្រឹងប្រែង ការតស៊ូ វិន័យ និងការប្តេជ្ញាចិត្ត របស់ប្អូនៗ ព្រមទាំងការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ និងការគាំទ្រយ៉ាងរឹងមាំពីមាតាបិតា និងអ្នកអាណាព្យាបាល។ សមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ នឹងក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់ប្អូនៗ ក្នុងការបន្តក្តីស្រមៃ និងកសាងអនាគតដ៏ភ្លឺស្វាង និងជោគជ័យ។

សាលាវេស្ទើនអន្តរជាតិ បានបញ្ជាក់ថា លទ្ធផលឆ្នាំនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រ ២៣ឆ្នាំរបស់សាលា ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស ការយកចិត្តទុកដាក់របស់លោកគ្រូ អ្នកគ្រូ ការគាំទ្ររបស់មាតាបិតា និងការបន្តពង្រឹងគុណភាពអប់រំរបស់សាលាឥតឈប់ឈរ។

លទ្ធផលដ៏គួរឱ្យមោទនភាពនេះ ក៏ជាសក្ខីភាពបញ្ជាក់ពី គុណភាព និងប្រសិទ្ធភាពនៃការអប់រំរបស់សាលាវេស្ទើនអន្តរជាតិ ដែលបានបង្កើតឡើងរយៈពេល ២៣ឆ្នាំ ហើយតែងតែបន្តអភិវឌ្ឍ និងលើកកម្ពស់ស្តង់ដារអប់រំ ដើម្បីផ្តល់ឱ្យសិស្សានុសិស្សនូវចំណេះដឹង សមត្ថភាព និងការត្រៀមខ្លួនដ៏រឹងមាំសម្រាប់អនាគត។

សូមជម្រាបថា សាលាវេស្ទើនអន្តរជាតិ (Western International School) គឺជាគ្រឹះស្ថានអប់រំឯកជនមួយដែលត្រូវបានបង្កើតឡើងដោយឧកញ៉ា តែ ឡូរិន នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០០៣។ សាលានេះមានពាក្យស្លោកថា «ផ្តើមអនាគតរបស់អ្នកពីថ្ងៃនេះទៅ (Start Your Future Today)» ហើយបច្ចុប្បន្នប្រើប្រាស់កម្មវិធីសិក្សាតាមស្តង់ដារអាមេរិក ដែលបង្រៀនជាភាសាខ្មែរ និងភាសាអង់គ្លេស។ សាលាវេស្ទើនអន្តរជាតិ ផ្តល់ការអប់រំចាប់ពីថ្នាក់ទារកដ្ឋានរហូតដល់ថ្នាក់ទី១២។ ក្រៅពីសាលាវេស្ទើនអន្តរជាតិ ក៏មាន សាកលវិទ្យាល័យវេស្ទើន (Western University Cambodia) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ជាមួយគ្នា ខណៈដែលបច្ចុប្បន្ន មានសាខាជាច្រើននៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនផងដែរ។