លោកជំទាវអ្នកឧកញ៉ា ចាន់ សុទ្ធា ទីប្រឹក្សាជាន់ខ្ពស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាអគ្គនាយិកាក្រុមហ៊ុន សេនជូរី គ្រុប បានចូលរួមឧបត្ថម្ភ គ្រែសង្គ្រោះបន្ទាន់កុមារ ចំនួន ៥គ្រែ ស្មើនឹងទឹកប្រាក់សរុបចំនួន ១០,០០០ ដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើតាមសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបង្ហាញឱ្យដឹងលើបណ្តាញសង្គម នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានដាក់ឈ្មោះតាមព្រះនាមព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា ដែលជាព្រះរាជធីតាទី៨ របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ។ មន្ទីរពេទ្យគន្ធបុប្ផាទី១ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៦៣ ក្រោមព្រះរាជបញ្ជាពីព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ។ បន្ទាប់ពីសង្គ្រាម លោកបណ្ឌិត បេអាត រិចឆ្នឺ (Beat Richner) ត្រូវបានរដ្ឋាភិបាលកម្ពុជាស្នើសុំឱ្យជួយជួសជុលមន្ទីរពេទ្យដែលរងការបំផ្លិចបំផ្លាញ ហើយលោកបានបង្កើតមូលនិធិគន្ធបុប្ផា នៅប្រទេសស្វីសនៅឆ្នាំ១៩៩២ ដើម្បីជួសជុល និងដាក់ឱ្យដំណើរការមន្ទីរពេទ្យឡើងវិញនៅឆ្នាំ១៩៩១។ មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យសប្បុរសធម៌ និងជាមន្ទីរពេទ្យកុមារថ្នាក់ជាតិដ៏ធំមួយនៅកម្ពុជា ដែលផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងមិនមានការរើសអើង។
សូមជម្រាបថា លោកជំទាវអ្នកឧកញ៉ា ចាន់ សុទ្ធា ជានិច្ចកាលតែងតែបរិច្ចាគថវិកា និងធនធានផ្ទាល់ខ្លួនជួយដល់សង្គមជាហូរហែ។ ជាក់ស្តែង កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវអ្នកឧកញ៉ា ក៏បានឧបត្ថម្ភគ្រែសម្រាកព្យាបាលចំនួន ២០០គ្រែ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕



