អ្នកឧកញ៉ា​ ភួ​ វាសនា ដឹកនាំរៀបចំកម្មវិធីជំនួបអាជីវករ និងសហគ្រិនខេត្តបាត់ដំបង ដើម្បីពង្រឹងបណ្តាញ​ទំនាក់ទំនង និងភាពជាដៃគូអាជីវកម្ម

ជុំវិញ​ឧកញ៉ា

នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកឧកញ៉ា​ ភួ​ វាសនា​ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង សហការជាមួយ​សមាគមទាំង៨ ក្នុងខេត្តបាត់ដំបង​ បានរៀបចំកម្មវិធី «ជំនួបអាជីវករ សហគ្រិន» ក្រោមអធិបតីភាព លោក​ លាង​ វាសនា​ អភិបាលក្រុងបាត់ដំបង​ និងលោក​ គឹម​ ហួត​ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះក៏មានការអញ្ជើញ​ចូលរួមពី​ ឧកញ៉ា​ អ៊ឹង​ វណ្ណម៉ៅ​ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ, តំណាង​សភាពាណិជ្ជកម្ម​ខេត្តប៉ៃលិន, លោកប្រធានមន្ទីរវប្បធម៌​ និងវិចិត្រសិល្ប: , លោកស្រី​ អនុប្រធានមន្ទីរ​ ឧ.វ.ប.ន​ ,លោកអនុប្រធានមន្ទីរទេសចរណ៍, លោកនាយកវិទ្យាស្ថាន, លោកអធិការក្រុង​ តំណាងសមាគមទាំង៧ អាជីវករ ពាណិជ្ជករ សហគ្រិន និងភ្ញៀវកិត្តិយស​ សរុបជាង១៧០នាក់ ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយ​ស្មារតីសាមគ្គីភាព។

បើតាមសភាពាណិជ្ជកម្មកម្ពុជា កម្មវិធីនេះមានគោលបំណងបង្កើត និងពង្រឹងបណ្តាញទំនាក់ទំនងរវាងអ្នកប្រកប​អាជីវកម្ម លើកកម្ពស់ការចែករំលែកចំណេះដឹង បទពិសោធន៍ និងស្វែងរកឱកាសសហការអាជីវកម្មថ្មីៗ ព្រមទាំង​ជំរុញការចូលរួមពីវិស័យឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តបាត់ដំបង។

ជាពិសេស កម្មវិធីនេះក៏ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនងរវាងសមាគម និងសហគ្រិន ព្រមទាំងបង្កើនភាពជាដៃគូរវាងអាជីវករ ដើម្បីរួមគ្នាបង្កើតឱកាសអាជីវកម្ម និងជំរុញការរីក​ចម្រើនប្រកបដោយ​ចីរភាព។

សភាពាណិជ្ជកម្មខេត្តបាត់ដំបង បានសម្តែងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈអធិបតី សមាគមទាំង៨​ អាជីវករ ពាណិជ្ជករ សហគ្រិន និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួម និងគាំទ្រឱ្យ​កម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានបរិយាកាសដ៏ល្អប្រសើរ។ សភាពាណិជ្ជកម្មខេត្តបាត់ដំបង រំពឹងថា​កម្មវិធី «ជំនួបអាជីវករ សហគ្រិន» នឹងក្លាយជាវេទិកាដ៏មានតម្លៃសម្រាប់ការពង្រឹងសាមគ្គីភាព និងពង្រីកបណ្តាញ​អាជីវកម្ម ក៏ដូចជារួមគ្នាជំរុញសេដ្ឋកិច្ចក្នុងខេត្តបាត់ដំបង៕