ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីទីក្រុងរណបមេគង្គឃី របស់អ្នកឧកញ៉ា ឃុន សៀ ទៅកាន់ទីក្រុងរណបកោះនរា ចាប់ផ្តើមសាងសង់ជាផ្លូវការ

ជុំវិញ​ឧកញ៉ា

ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីទីក្រុងរណបមេគង្គឃី នៃក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប (TP Moral Group) របស់​អ្នកឧកញ៉ា ឃុន សៀ ទៅកាន់ទីក្រុងរណបកោះនរា របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ បានចាប់ផ្តើមសាង​សង់ជាផ្លូវការហើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំឡុងពេលការដ្ឋានសាងសង់កំពុងដំណើរការនេះ ក្រសួងបានណែនាំពីការធ្វើនាវាចរណ៍​នៅតំបន់ការដ្ឋាន​សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ពីទីក្រុងរណបមេគង្គឃី ទៅកាន់ទីក្រុងរណបកោះនរា) នូវចំណុចមួយចំនួន ដើម្បីសុវត្ថិភាព។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងដល់ជនរួមជាតិសាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ពីទីក្រុងរណបមេគង្គឃី ទៅកាន់ទីក្រុងរណបកោះនរា) មានទីតាំងភូមិសាស្ត្រត្រើយខាងកើត ស្ថិតនៅក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល និងត្រើយខាងលិច ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានចាប់ផ្តើមសាងសង់ជាផ្លូវការ។ ក្នុងអំឡុងពេលនេះនៅតំបន់ការដ្ឋានសាងសង់ស្ពាន ផ្លូវនាវាចរណ៍នឹងបង្កលក្ខណៈរួមតូច ដែលអាចរំខានដល់ការ​ធ្វើដំណើរ​ឆ្លងកាត់ទៅមករបស់នាវា។

ដូចនេះ ដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ ដែលធ្វើដំណើរតាមដងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋាន​សាងសង់ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរដោយប្រុងប្រយ័ត្នខ្ពស់ ចៀសវាង​ឧបទ្ទវហេតុកើតឡើងជាយថាហេតុ។

សូមជម្រាបថា គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប មេគង្គឃី ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល ទៅកាន់ទីក្រុងរណប កោះនរា ខណ្ឌច្បារអំពៅ ត្រូវបានចុះហត្ថលេខាកិច្ចសន្យាសាងសង់ និងកិច្ច​សន្យាត្រួតពិនិត្យបច្ចេកទេស ដោយឧកញ៉ា ឃុន សេងផេង នាយកប្រតិបត្តិក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប (TP Moral Group) ដែលត្រូវជាកូនប្រុសរបស់ អ្នកឧកញ៉ា ឃុន សៀ កាលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតី​ភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន៕