អ្នកឧកញ៉ា ជឹង ធានគាត និងលោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី ព្រមទាំងក្រុមគ្រួសារ មានសទ្ធាជ្រះថ្លាជួយឧបត្ថម្ភកសាងកុដិ១ខ្នង និងសាលធំ១ ក្នុងវត្តនិគ្រោធវ័ន គល់ទទឹង ដែលជាវត្តពុទ្ធសាសនាដ៏ល្បីមួយនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមសម្ដេចព្រះឧត្ដមវង្សា គូ សុភាព គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បង្ហើបឱ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្ដេចព្រះឧត្ដមវង្សា គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន គល់ទទឹង បានគូសបញ្ជាក់បែបនេះថា៖ “អនុមោទនាសេនាសនទានថ្វាយសង្ឃ! អ្នកឧកញ៉ា ជឹង ធានគាត និងលោកជំទាវ ខូយ ដារ៉ូស ព្រមទាំងបុត្រាបុត្រី, លោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី និងឯកឧត្តម ឡាវ វ៉ាន់ ព្រមទាំងបុត្រាបុត្រី មានសទ្ធាជ្រះថ្លាកសាងកុដិ ១ខ្នង បណ្ដោយ ៥៤ម៉ែត្រ ទទឹង ១០.៩ម៉ែត្រ កម្ពស់ ៣ជាន់ ដែលមាន ៦៥បន្ទប់ និងសាលធំ១ សម្រាប់ព្រះសង្ឃប្រើប្រាស់ ក្នុងវត្តនិគ្រោធវ័ន គល់ទទឹង។ សូមម្ចាស់ទានបានសេចក្ដីសុខ រួចផុតចាកទុក្ខទាំងពួង។ អនុមោទនា”។
សូមជម្រាបថា អ្នកឧកញ៉ា ជឹង ធានគាត បច្ចុប្បន្នមានតួនាទីជាទីប្រឹក្សារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ រីឯលោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី គឺជាអគ្គនាយិកានៃក្រុមហ៊ុនទឹកពិសាវីតាល់ និងផលិតផលមីជាតិ៕





