ក្រសួងរ៉ែ និងក្រសួងពាណិជ្ជកម្ម បកស្រាយករណី «សាំងពណ៌ក្រហម» និងបើកលេខទូរស័ព្ទទាន់ហេតុការណ៍ទទួលពាក្យបណ្តឹងពីពលរដ្ឋ

សង្គម​ និង​សេដ្ឋកិច្ច

បន្ទាប់ពីមានការផ្ទុះការចាប់អារម្មណ៍ និងការចែករំលែកព្រោងព្រាតនៅលើបណ្តាញសង្គមពាក់ព័ន្ធនឹងបញ្ហា «សាំងពណ៌ក្រហម» នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្រុមការងារបច្ចេកទេសនៃក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយ ដើម្បីបំភ្លឺជូនសាធារណជន និងអ្នកប្រើប្រាស់ទាំងអស់ឱ្យបានជ្រាបច្បាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ ដែលរួមមានអគ្គនាយកដ្ឋានប្រេងកាត និងអគ្គនាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប.) បានសហការគ្នាចុះស្រាវជ្រាវ និងត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយមួយចំនួនក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តកណ្តាល។ ជាលទ្ធផល គុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយទាំងនោះ គឺមានអនុលោមភាពតាមលក្ខខណ្ឌតម្រូវត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុននាំចូលប្រេងឥន្ធនៈពាក់ព័ន្ធក៏បានរាយការណ៍អំពីវិធានការគ្រប់គ្រង និងការធ្វើតេស្តគុណភាពយ៉ាងហ្មត់ចត់ទាំងមុន និងក្រោយការនាំចូល ព្រមទាំងតាមដានការដឹកជញ្ជូន និងចែកចាយតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ និងការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក្រសួងទាំងពីរនៅតែបន្តយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់ និងអំពាវនាវដល់សាធារណជនដែលមានការសង្ស័យ ឬជួបប្រទះករណីគុណភាពប្រេងឥន្ធនៈមិនល្អ សូមរាយការណ៍ជាបន្ទាន់អំពីទីតាំងស្ថានីយ ឬទីតាំងចែកចាយទាំងនោះ តាមរយៈលេខទូរស័ព្ទ៖ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម៖ ០៩២ ៧២២ ៥៦៦, អគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល៖ ០១២ ៧១៧ ៧២៥

ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ បញ្ជាក់ជំហរថា នឹងចាត់វិធានការចាំបាច់តាមសមត្ថកិច្ចរៀងៗខ្លួនស្របតាមច្បាប់ជាធរមាន ដើម្បីរក្សាទំនុកចិត្តលើវិស័យប្រេងឥន្ធនៈនៅកម្ពុជា។