ទឹកប្រាក់ ៤ម៉ឺនដុល្លារក្រុមគ្រួសារត្រកូល “ឡេង” ចេញថ្លៃវះកាត់បន្ទាន់ឲ្យស្រ្តីខ្មែរជាពលករនៅប្រទេសកូរ៉េខាងត្បូងម្នាក់ធ្លាប់ក្រកំសត់ជាមួយគ្នា

ជុំវិញ​ឧកញ៉ា

នឹករលឹកដល់អតីតកាលធ្លាប់បំរើការងារជាមួយគ្នានាពេលកន្លងមក ក្រុមគ្រួសារឧកញ៉ាត្រកូល «ឡេង» បានផ្តល់ទឹកប្រាក់ចំនួន ៤ម៉ឺនដុល្លារអាមេរិក ជូនដល់ស្រ្តីខ្មែរជាពលករនៅប្រទេសកូរ៉េខាងត្បូងម្នាក់ ចូលសង្គ្រោះបន្ទាន់ដើម្បីវះកាត់។ ការឧបត្ថម្ភថវិកាដ៏ច្រើនបែបនៅពេលនេះ បានធ្វើឲ្យក្រុមគ្រួសាររបស់ស្រ្តីរងគ្រោះ អាចបានដោះស្រាយបញ្ហាមួយចំនួនធំ សម្រាប់ថ្លៃព្យាបាលនៅមន្ទីរពេទ្យ និងជាការបង្ហាញពីទឹកចិត្តដ៏ប្រពៃរបស់គ្រួសារត្រកូល «ឡេង» ក្នុងនាមជាអតីតពលករខ្មែរនៅលើទឹកដី កូរ៉េខាងត្បូងកាលពីប្រមាណ ១០ឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត្រាខ្នាតយក្ស បានថ្លែងថា ការផ្តល់ទឹកប្រាក់ ៤ម៉ឺនដុល្លារអាមេរិក ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងឧកញ៉ា ឡេង និយម បានឧបត្ថម្ភជូនស្រ្តីរងគ្រោះ ដែលកាលនៅជាពលករធ្លាប់កំសត់កម្រជាមួយគ្នា។ ឧកញ៉ា ឡេង ប្រុស បានថ្លែងថា «ពេលខ្ញុំឈឺនៅកូរ៉េ ប្អូនស្រី បានមើលថែគ្រប់យ៉ាង សូមព្រះប្រទានពរដល់ប្អូនស្រី»។

ជាមួយគ្នានេះ បុរសជាស្វាមី ពិតជាអរគុណខ្លាំងណាស់ចំពោះឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងឧកញ៉ា ឡេង និមល ដែលបានសួរសុខទុក្ខ និងមានសន្ដានចិត្តស្រលាញ់ រាប់អានលោក និងក្រុមគ្រួសារ ហើយបានផ្ញើជាថវិកាសម្រាលលើការចំណាយថ្លៃពេទ្យ ៤ម៉ឺនដុល្លារ។

 លោកថា បច្ចុប្បន្នស្ថានភាពភរិយាលោក ក្រោយពេលវះកាត់នៅបន្ទប់ ICU អស់ជាង២ម៉ោងរួច គឺបានប្រសើរជាងមុន។

គួររម្លឹកជូនថា បងប្អូនត្រកូល «ឡេង» ជានិច្ចកាលតែងតែធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានា របស់ជាតិ។ កាយវិការមនុស្សធម៌របស់បងប្អូនត្រកូល «ឡេង» ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា៕