សម្ដេចក្រឡាហោម ស ខេង បង្ហើបថា ច្បាប់ផ្តល់គោរម្យងារ និងដកហូតគោរមងារឧកញ៉ានឹងបញ្ចប់នៅឆ្នាំ២០២២នេះ

ជុំវិញ​ឧកញ៉ា

មានប្រសាសន៍ក្នុងពិធីពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ សមាគមមូលនិធិ សម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ កុម្ភៈម្សិលមិញ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ការរៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីឧកញ៉ា គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចបន្តថា នៅក្នុងដំណើរការសិក្សារៀបចំសេចក្ដីព្រាងនេះ ក៏នឹងមានការជជែកពិភាក្សាផងដែរ រវាងតំណាងរាជរដ្ឋាភិបាលជាមួយនឹងសមាគមឧកញ៉ា។

គួររម្លឹកថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីអំឡុងខែមេសា ឆ្នាំ២០២១ សម្រេចឲ្យមានច្បាប់គ្រប់គ្រងគោរមងារចំពោះ ឧកញ៉ាការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។ ការដែលរាជរដ្ឋាភិបាល មានផែនការដូចនេះគឺបន្ទាប់ពីផ្ទុះរឿងអាស្រូវមួយចំនួនរបស់ឧកញ៉ា ក្នុងរឿងពាក់ព័ន្ធជម្លោះគូកំណាន់ចិត្ត ហិង្សាក្នុងគ្រួសារ និងបញ្ហាក្នុងសង្គមកើតឡើងជាបន្តបន្ទាប់។

យ៉ាងណាម៉ិញ បើតាមសម្ដេចក្រឡាហោម ថ្លែងបញ្ជាក់ថា៖ “នៅក្នុងការរៀបចំសេចក្ដីព្រាងព្រះរាជក្រឹត្យថ្មី អាចនឹងមានចែងកំណត់អំពីការផ្ដល់គោរមងារ ការកំណត់អំពីកាតព្វកិច្ចរបស់ឧកញ៉ា និងលក្ខណ្ឌនៃការសម្រេចដកគោរមងារ ក្នុងន័យដើម្បីលើកតម្កើងតម្លៃនៃគោរមងារជាឧកញ៉ា”

សម្តេចបន្ថែមថា បន្ទាប់ពីរៀបចំព្រះរាជក្រឹត្យនេះហើយនោះ សមាគមឧកញ៉ាក៏ត្រៀមលក្ខណៈរៀបចំខ្លួនឱ្យបានសមស្របទៅនឹងខ្លឹមសារព្រះរាជក្រឹត្យថ្មីផងដែរ។

ជាការកត់សំគាល់ រដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យសម្រេចឱ្យរៀបចំច្បាប់គ្រប់គ្រង និងដកហូតគោរមងាឧកញ៉ានេះ បន្ទាប់ពីឧកញ៉ាមួយចំនួន បានប្រើប្រាស់ទឹកលុយ និងអំណាចហួសហេតុ នាំឱ្យខុសផ្នែកសីលធម៌ និងគុណធម៌ រួមបាត់បង់តម្លៃ ហើយប៉ះពាល់ដល់កត្តិយសរបស់ឧកញ៉ាដទៃទៀត។ ខណៈឧកញ៉ាមួយចំនួនតូចបានពាក់ព័ន្ធករណីរឿងហិង្សា ផ្លូវភេទ និងហិង្សាគ្រួសារជាដើម៕