ឧកញ៉ា គីម ហ៊ាង ទទួលស្គាល់ការបកស្រាយពិតជាប៉ះពាល់ដល់វប្បធម៌ជាតិ ដែលជាកំហុសដ៏ធំរបស់លោក

ជុំវិញ​ឧកញ៉ា

នៅរសៀលថ្ងៃទី១៧ កុម្ភៈនេះ ឧកញ៉ា គីម ហ៊ាង បានចេញលិខិតសូមទោសជាសាធារណៈនូវអ្វីដែលលោកលើកឡើងនៅក្នុងសិក្ខាសាលាអចលនទ្រព្យ ឆ្នាំ២០២២ ស្តីអំពី អនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយជំងឺរាតត្បាតកូវីដ-១៩ ធូរស្រាល កាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ អង្គរផារ៉ាឌី ក្រុងសៀមរាប ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចេញមកសូមទោសជាសារណៈនៅពេលនេះ បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​​មួយ​ជុំវិញ​ការ​រិះ​គន់របស់ឧកញ៉ា គីម ហ៊ាង អ្នកជំនួញរកស៊ីអចលនទ្រព្យដែលបានលើកឡើងនូវទស្សនវិស័យរបស់ខ្លួន ទាក់ទងទៅនឹងការអភិរក្ស និងអភិវឌ្ឍ នៃតំបន់សៀមរាប-អង្គរ និងវិធាននៃការការពារបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយប្រើប្រាស់សំដីវាយប្រហារមិនមានការទទួលខុសត្រូវ និងគ្មានការសិក្សាស្រាវជ្រាវយល់ដឹងគ្រប់ជ្រុងជ្រោយ ខ្វះខាតចំណេះដឹងលើផ្នែកកិច្ចការពារបេតិកភណ្ឌពិភពលោក។

ក្រសងវប្បធម៌ ចាត់ទុកការលើកឡើងនេះសម្លឹងឃើញតែមួយជ្រុងទៅលើវិស័យអចលនទ្រព្យ ដើម្បីតែផលចំណេញនៃមុខជំនួញខ្លួន ដោយបំភ្លេចចោលនូវតម្លៃនៃមរតកវប្បធម៌ជាតិ ក៏ដូចជាការជំរុញឱ្យមានចលនាទិញ លក់ដូរអចលនទ្រព្យកាន់តែខ្លាំងក្លាឡើង ក្នុងតំបន់សៀមរាប អង្គរ ដែលអាចនាំដល់ការរីករាលដាលសំណង់អាណាធិបតេយ្យក្នុងតំបន់រមណីយដ្ឋានការពារ និងតំបន់ជុំវិញនានា។

តាមរយៈលិខិតសូមទោសជាសារណៈចំនួនមួយសន្លឹក ឧកញ៉ា គីម ហ៊ាង បានទទួលស្គាល់ថា ការវិភាគរបស់លោក មានរយៈពេលជាង ២ម៉ោង លោកបានបកស្រាយពីចំណុចខ្សោយ ចំណុចខ្លាំង ឱកាស ព្រមទាំងការគំរាមកំហែង ដល់ការវិនិយោគ និងអភិឌ្ឍន៍វិស័យអចលនទ្រព្យ នៅខេត្តសៀមរាប ហើយការបកស្រាយរបស់លោកពិតជាមានការប៉ះពាល់ដល់វប្បធម៌ជាតិ ដែលជាកំហុសដ៏ធំមួយ ដែលលោកបានបង្កើតឡើងដោយអចេតនា។

ឧកញ៉ា គីម ហ៊ាង ថ្លែងយ៉ាងដូច្នេះថា ខ្ញុំបាទសូមលំឱនកាយ លើកដៃម្រាមដប់ ដើម្បីសូមទោសជាសាធារណៈ ដល់ប្រជាជនកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសដល់ថ្នាក់ដឹកនាំប្រទេស ចំពោះកំហុស ដែលខ្ញុំបាទបានបង្កើតឡើងកាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីរួមខេត្តសៀមរាប។

យ៉ាងណា បើតាមក្រសួងវប្បធម៌បានសង្កត់ធ្ងន់ៗថា៖ «ពាក្យសំដីនេះបានធ្វើឱ្យប៉ះពាល់ទៅលើកិច្ចខិតខំប្រឹងប្រែងការពារ ថែរក្សា និងអភិរក្ស របស់ឥស្សរជនជាន់ខ្ពស់ថ្នាក់ជាតិ អន្តរជាតិ គ្រប់ជំនាន់ ជាពិសេសការខិតខំរបស់រាជរដ្ឋាភិបាល ដែលបានសហការជាមួយអង្គការយូណេស្កូ តាមរយៈការជំរុញ និងគាំពារឱ្យបង្កើតយន្តការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-អង្គរ) ដឹកនាំដោយសហប្រធានបារាំង និងជប៉ុន ដែលប្រមូលផ្ដុំដោយអ្នកជំនាញការជាតិ អន្តរជាតិដែលមានអាយុកាលជាង ៣០ឆ្នាំ បានរួមគ្នាមកសង្គ្រោះ និងការពារអង្គរ ក្នុងនោះបានប្រើប្រាស់ថវិកាច្រើនជាង៥០០លានដុល្លារ ព្រមទាំងជួយបណ្តុះបណ្តាលនូវធនធានមនុស្សជូនកម្ពុជាជាច្រើន ដើម្បីកិច្ចការពារបេតិកភណ្ឌជាតិយើង»