អ្នកឧកញ៉ា ឧកញ៉ាៗម្ចាស់ក្រុមហ៊ុន លែងបារម្ភរឿងមានមន្ត្រីខិលខូច ឬស្ថាប័នរដ្ឋកៀបស៊ី ដោយ ACU ប្តេជ្ញាជួយបំបាត់អំពើពុករលួយ

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗ ម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មផ្សេងៗ លែងបារម្ភរឿងមាន​មន្ត្រីខិលខូច ឬស្ថាប័នរដ្ឋកៀបស៊ីទៀតហើយ ដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្តេជ្ញាជួយបំបាត់​អំពើ​ពុករលួយ និងគាំទ្រការការពារសុចរិតភាព ជូនដល់វិស័យឯកជននិងធុរកិច្ចជនទាំងអស់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា៖ “បើមានអ្នក​កៀបស៊ី បងប្អូនអាជីវករទាំងអស់បើមានមន្ត្រីខិលខូច ឬស្ថាប័នណាមួយកៀបស៊ី សូមអញ្ជើញមកកាន់សភាពាណិជ្ជកម្មតាមរាជធានីខេត្ត ដើម្បីធ្វើការដោះស្រាយជូន អរគុណ”។

ការលើកឡើងរបស់អ្នកឧកញ៉ា លឹម ហេង ខាងលើនេះ គឺបន្ទាប់ពីនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ អង្គភាព​ប្រឆាំងអំពើ​ពុករលួយ (ACU) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានជួបពិភាក្សាបឋមនៅស្នាក់ការ​សភាពាណិជ្ជកម្មកម្ពុជាស្ថិតនៅអគារ Wing Tower លើចំណុចសំខាន់ៗ ជាកង្វល់របស់វិស័យឯកជន ដើម្បីរួមគ្នា​ចងក្រងជាអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ដែលគ្រោងនឹងចុះហត្ថលេខា នាពេលដ៏​ឆាប់​ខាងមុខនេះ។

ជំនួប ACU និង CCC បង្ហាញអំពីការពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ និងវិស័យឯកជន ក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំងលើកកម្ពស់សុចរិតភាព តម្លាភាព និងការគោរពច្បាប់ក្នុងការ​ប្រកបធុរកិច្ចនៅកម្ពុជា។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថា៖ «យើងចង់ឱ្យកិច្ចសហប្រតិបត្តិការនេះ មិនមែនបញ្ចប់ត្រឹមការចុះហត្ថលេខាលើ MOU នោះទេ ប៉ុន្តែត្រូវក្លាយជា​យន្តការសហការជាក់ស្តែង ដែលជួយវិស័យឯកជន បង្ការ និងកាត់បន្ថយហានិភ័យនៃអំពើពុករលួយ ព្រមទាំងរួមគ្នាពង្រឹងពង្រីកការកសាងវប្បធម៌សុចរិតភាព»។

សូមជម្រាបថា ខ្លឹមសារ MOU គឺផ្តោតលើចំណុចសំខាន់ៗ ៖ ១) វិស័យឯកជនប្តេជ្ញាបដិសេធអំពើសូកប៉ាន់​និងអំពើពុករលួយ ២) ACU ប្តេជ្ញាគាំទ្រការការពារសុចរិតភាព និង៣)ការបង្កើតច្រកទំនាក់ទំនងរហ័ស សម្ងាត់ និងមានប្រសិទ្ធភាព។