តំបន់ទេសចរណ៍ចម្រុះបែបសិប្បនិម្មិត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅខេត្តបាត់ដំបង លែងជារូប 3D ទៀតហើយ

ជុំវិញ​ឧកញ៉ា

នាថ្ងៃទី០២ ខែមីនា នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីវឌ្ឍនភាពនៅតំបន់ទេសចរណ៍ចម្រុះបែបសិប្បនិម្មិត ពីទឹកដីខេត្តបាត់ដំបង។ ឆ្លងកាត់ការធ្វើដំណើរតាមឧត្ថម្ភាគចក្រផ្ទាល់ខ្លួន ដោយចំណាយពេលត្រឹមតែ ១ម៉ោងគត់ ដើម្បីទៅដល់ទីតាំងគម្រោងនេះ អ្នកឧកញ៉ា បានបញ្ជាក់ថា៖ “កោះ និងស្ទឹងសិប្បនិម្មិត នៅបាត់ដំបង ចាប់ផ្ដើមប្រែពណ៌ទៅបៃតងបណ្ដើរៗហើយ មិនយូរទេកន្លែងនេះនឹងក្លាយទៅជាតំបន់ដែលយើងចង់រស់នៅ និងជាកន្លែងលំហែអារម្មណ៍ដ៏ល្អ”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ន ក្រុមហ៊ុនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងបន្តបេសកកម្មឈូសឆាយរៀបចំដី និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ យ៉ាងមមាញឹក ដើម្បីប្រែក្លាយដីទំហំ ៥០០ ហិចតា ឱ្យលេចរូបរាង ក្លាយជាតំបន់ទេសចរណ៍ចម្រុះ ច្រើនប្រភេទ រួមមានដូចជា៖ កោះចាក់សោរបេះដូង ស្ទឹងសាងស្នេហ៍បាត់ដំបង រមណីយដ្ឋាន វាលស្រែធម្មជាតិ និងតំបន់លម្ហែ បែបសិប្បនិមិត្តជាច្រើនប្រភេទនៅក្នុងតំបន់នោះថែមទៀតផង។

ម្ចាស់ក្រុមហ៊ុន ណាវ៉ាត្រា គ្រុប អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានលើកឡើងថា៖ “ដោយសារមើលឃើញថា ទីរួមខេត្តបាត់ដំបង មិនសូវមានតំបន់កម្សាន្តច្រើន ហើយពុកម៉ែបងប្អូននៅក្នុងខេត្ត តែងតែស្វែងរកកន្លែងកម្សាន្តនានានៅចុងសប្តាហ៍ ទើបរូបលោក សម្រេចបង្កើតតំបន់ទេសចរណ៍សប្បនិមិត្ត មានដូចជា កោះចាក់សោរបេះដូង ស្ទឹងសាងស្នេហ៍បាត់ដំបង និងរមណីយដ្ឋាន វាលស្រែធម្មជាតិ ជាដើម”។

ក្រៅពីសម្រុកអភិវឌ្ឍន៍ឱ្យចេញជាតំបន់ទេសចរណ៍ និងទីតាំងលម្ហែកម្សាន្តប្លែកៗទាំងអស់នេះហើយនោះ ក្នុងគម្រោងក៏មានលក់ជាប្រភេទដីឡូត៍ ផ្ទះលម្ហែជាច្រើនប្រភេទជូនអតិថិជនផងដែរ។

គួរបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះ រយៈពេលត្រឹមតែ ជាងកន្លះឆ្នាំប៉ុណ្ណោះ អ្នកឧកញ៉ា វ័យក្មេង ជំនាញអភិវឌ្ឍន៍វិស័យអចលនទ្រព្យខ្នាតយក្សរូបនេះ បានសម្រេចរៀបចំដីទំហំជាង ៥០០ ហិចតា នៅក្នុងទឹកដីទីរួមខេត្តបាត់ដំបង ឱ្យលេចចេញជាតំបន់ទេសចរណ៍បែបសិប្បនិម្មិតចម្រុះ បានជាបណ្ដើរៗហើយ ពោលគឺ គម្រោងនេះ លែងជាគម្រោងរូប 3D តែជារូបភាពពិត ទេសភាពធម្មជាតិពិត ក្រោមស្នាដៃមនុស្សច្នៃប្រឌិតពិតៗ។