អ្នកឧកញ៉ា សៀ ឫទ្ធី ចុះហត្ថលេខាជាមួយក្រុមហ៊ុន YCH Group អភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន YCH Group និងក្រុមហ៊ុនអ្នកឧកញ៉ា សៀ ឫទ្ធី WorldBridge Group នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីសហការអភិវឌ្ឍន៍ និងដំណើរការមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា
មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ មានតួនាទីយ៉ាងសំខាន់មិនគ្រាន់តែការពង្រឹងការតភ្ជាប់របស់កម្ពុជាជាមួយនឹងលំហូរពាណិជ្ជកម្មឆ្លងព្រំដែន (ជាពិសេសក្នុងចំណោមប្រទេសក្នុងតំបន់ទន្លេមេគង្គ) ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូនពហុមធ្យោបាយនៅប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតប្រព័ន្ធអេកូឡូជីស្ទីកប្រកបដោយប្រសិទ្ធភាព កាត់បន្ថយថ្លៃដើមដឹកជញ្ជូន ធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់ ជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច។

លោក ស៊ុន ចាន់ថុល បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈ MoU នេះ ការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ នឹងទទួលបានជោគជ័យ។

លោកបណ្ឌិត Robert Yap ដំណាងក្រុមហ៊ុន YCH Group បានថ្លែងក្នុងពីធីចុះហត្ថលេខាលើអនុស្សារណៈនេះថា៖ ភាពជាដៃគូនាពេលបច្ចុប្បន្ននេះ គឺជាព្រឹតិ្តការណ៍ដ៏សំខាន់មួយទៀត ក្នុងការធ្វើឱ្យស៊ីជម្រៅ និងអភិវឌ្ឍការតភ្ជាប់បណ្តាញដឹកជញ្ជូន និងការផ្គត់ផ្គង់នៅទូទាំងអាស៊ាន។

លោកបន្តថា យើងមានឯកសិទ្ធិក្នុងការទទួលបានការគាំទ្រដ៏រឹងមាំពីរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការប្រកួតប្រជែង និងភាពទាក់ទាញរបស់កម្ពុជា តាមរយៈការសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មដ៏ឆ្លាតវៃលំដាប់ពិភពលោក ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ជាមួយនឹងសមត្ថភាពរបស់ក្រុមហ៊ុន WorldBridge Group ដើម្បីនាំយកគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញឱ្យទទួលបានជោគជ័យ។

ជាមួយគ្នានេះដែរ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បានថ្លែងថា ក្នុងនាមក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសកម្ពុជាដែលមានឯកទេសក្នុងភាពជាដៃគូអន្តរជាតិនៅទូទាំងវិស័យចម្រុះ យើងមានទំនុកចិត្តថាជំនាញរបស់យើងក្នុងវិស័យភស្តុភារកម្ម និងការអភិវឌ្ឍឧស្សាហកម្មនឹងក្លាយជាដៃគូដ៏មានតម្លៃសម្រាប់ក្រុមហ៊ុន YCH Group និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសេដ្ឋកិច្ចរីកលូតលាស់។

សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានប្រកាសពីចក្ខុវិស័យរបស់ខ្លួនក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ នៅក្នុងផែនការមេនៃការតភ្ជាប់និងប្រព័ន្ធភស្តុភារអន្តរកម្ម ចក្ខុវិស័យនេះមានគោលបំណងយុទ្ធសាស្ត្រចំនួនបី៖ (១) ដើម្បីជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ (២) តភ្ជាប់តំបន់ឥណ្ឌូចិនជាមួយប្រទេសចិន និង (៣) ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតមកបង្កើតអាជីវកម្ម និងរោងចក្រផលិតនៅប្រទេសកម្ពុជា។

បើតាមតាមកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement) ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាជាមួយក្រុមហ៊ុន YCH កាលពីខែមីនា ឆ្នាំ២០២១ បានតម្រូវឱ្យក្រុមហ៊ុន YCH ជ្រើសរើសក្រុមហ៊ុនដៃគូក្នុងស្រុក ដើម្បីសហការអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) ហើយគោលបំណងសំខាន់នៃការចុះហត្ថេលខាលើអនុស្សារណៈ (MoU) រវាងក្រុមហ៊ុន YCH Group និង WorldBridge Group នៅថ្ងៃនេះ គឺជាការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement) ដែលក្រសួងបានចុះហត្ថលេខាជាមួយក្រុមហ៊ុន YCH៕