តើគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន លី ហួរ គ្រុប ទាំង ៥រូប ជានរណា?

ជុំវិញ​ឧកញ៉ា អាជីវកម្ម

បុរី វិមានភ្នំពេញ ក្រុមហ៊ុន លីហួរ ប្តូរប្រាក់ និងលក់គ្រឿងអលង្ការ ក្រុមហ៊ុន លីហួរ ហាងបញ្ចាំ ធនាគារ SBI LYHOU ក្រុមហ៊ុនទេពី (Tepi) វិនិយោគកសិ-ឧស្សាហកម្មដំណាំកៅស៊ូ  ក្រុមហ៊ុន លីហួរ លីស៊ីង (ជួលរថយន្ត) និងក្រុមហ៊ុន លី ហួរ វេរលុយ ទាំងអស់នេះជឿថាមានប្រិយមិត្តជាច្រើនបានស្គាល់ច្បាស់ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលឈរជើងក្នុងទីផ្សារកម្ពុជាប្រមាណជាង ៣០ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន លី ហួរ គ្រុប វិនិយោគដោយអ្នកឧកញ៉ា លី ហួរ និងភរិយារបស់លោក គឺលោកជំទាវឧកញ៉ា ស៊ាង លីម។ អ្នកឧកញ៉ាត្រូវបានមហាជនទូទៅរាប់ចាត់ទុកថា ជាពាណិជ្ជករខ្មែរដ៏ល្បីល្បាញមួយរូបជាបុគ្គលគំរូម្នាក់សម្រាប់សហគ្រិនក្មេងៗជំនាន់ក្រោយគួររៀនសូត្រ និង អនុវត្តតាម។

មុនទទួលជោគជ័យសាងប្រាក់ចំណូលពាន់លានដុល្លារដូចសព្វថ្ងៃនេះ អ្នកឧកញ៉ា លី ហួរ គឺផ្តើមមុខរបរជាកសិករ និងចិញ្ចឹមជ្រូកមួយក្បាល ហើយក៏ជាអ្នកដែលបានចាប់ផ្តើមអាជីវកម្មពីដើមទុនប្រមាណ ២ជីមាស បានមកពីការលក់ជ្រូកមួយក្បាល។ ក្នុងឆ្នាំ១៩៨២ ក្នុងលោកក៏ធាក់កង់ដឹកស្ករពីស្គន់ ផ្អាវ ទៅលក់នៅក្រុងសួង និងមេមត់ផងដែរ។

ជាបន្តបន្ទាប់មក លោកក៏បានសម្រេចចិត្តចាប់ផ្តើមមុខជំនួញឆ្លងកាត់ព្រំដែនវិញម្តង នាំចូលក្រណាត់ (ហៅថា ក្រណាត់កាណាដា) សារុង ប៊ីចេង ពីប្រទេសថៃមកលក់នៅក្នុងប្រទេសកម្ពុជា។ ជាច្រើនឆ្នាំ ជាមួយនឹងការជម្នះឧបសគ្គរាប់ម៉ឺនជំពូកលោកបានធ្វើឲ្យមុខជំនួញទទួលជោគជ័យជាបន្តបន្ទាប់។ ក្នុងឆ្នាំ១៩៨៥ លោក និងភរិយាក៏បានចាប់ផ្តើមជំនួញដូរទិញលក់មាសវិញម្តង បន្ទាប់មកទៀតលោកក៏បើកកន្លែងប្ដូរប្រាក់ដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ ដែលជាដើមទុនធ្វើឲ្យលោកបង្កើតអាណាចក្រជំនួញប្រាក់ពាន់លានជាច្រើននៅក្នុងដៃ។

ភាពជោគជ័យដ៏ត្រចេះត្រចង់ក្នុងពិភពលោកជំនួញរបស់ក្រុមហ៊ុន លី ហួរ ក៏បានអាចមើលរំលងបានឡើយនូវគណៈគ្រប់គ្រងជាន់ខ្ពស់ឆ្នើមៗ ដែលបានលះបង់កម្លាំងកាយចិត្តសាងភាពរឹងមាំមកឲ្យក្រុមហ៊ុន លី ហួរ គ្រុប ដូចនាពេលបច្ចុប្បន្នះ។

តើគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន លី ហួរ គ្រុប ជានរណា? សូមតាមដានជាមួយឧកញ៉ាញូស៍ដូចតទៅ៖

១.អ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ

​លោកកើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៥៤ នៅក្នុងខេត្តកំពង់ចាម។ ជាធុរជនខែ្មរមួយរូបដែលមានគុណវុឌ្ឍិ មានភាពជាសហគ្រិន និងជាអ្នកដឹកនាំល្អព្រមទាំងការបេ្តជ្ញាចិត្តខ្ពស់ដោយឧកញ៉ាបានបង្កើតនិងពង្រីកអាជីវកម្មក្នុងពហុវិស័យដោយជោគជ័យអស់រយៈពេលជាង
៣០ឆ្នាំនៅក្នុងប្រទេសកម្ពុជា រួមមាន វិស័យហិរញ្ញវត្ថុ វិស័យអលចនទ្រព្យ វិស័យកសិ-ឧស្សាហកម្ម និង វិស័យធនារ៉ាប់រងជាដើម។

បន្ថែមលើការគ្រប់គ្រងក្រុមហ៊ុន លី ហួរ គ្រុប អ្នកឧកញ៉ាកំពុងកាន់តួនាទីសំខាន់ៗក្នុងស្ថាប័នផ្សេងទៀតមានដូចជា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជាជាដើម។ ទន្ទឹមនឹងនេះអ្នកឧកញ៉ាក៏បានចូលរួមក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍វិស័យឯកជនការអភិវឌ្ឍនសង្គមនិងសេដ្ឋកិច្ចជាតិ។ ដោយការចូលរួមដ៏មានតម្លៃ និងការសម្រេចលទ្ធផលជាច្រើន អ្នកឧកញ៉ាបានទទួលគ្រឿងឥស្សរិយយស និងពានរង្វាន់ជាច្រើនដូចខាងក្រោម៖​ ១.មេដាយជាតូបការ ២. មេដាយមហាសេរីវឌ្ឍន៍
២. មេដាយមហាសេនា ៣. មេដាយធិបឌិន្ទ ៤. មេដាយសេនា ៥. មេដាយមាសស្ថាបនាជាតិ ៦. ពានរង្វាន់ទទួលស្គាល់គុណភាពកម្រិតអន្តរជាតិ (International Star for Quality Award) ពីប្រទេសស្វីស ៧. ពានរង្វាន់ទទួលស្គាល់សហគ្រាសល្អបំផុត (Best Enterprise Award) ពីចក្រភពអង់គ្លេស។

២.លោកជំទាវឧកញ៉ា ស៊ាង លីម អនុប្រធាននាយកប្រតិបត្តិ

លោកស្រីកើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៥៧ ក្នុងខេត្តកំពង់ចាមជាកន្លែងដែលឧកញ៉ាបានចាប់ផ្តើមអាកអាជីវកម្មដំបូង នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ រយៈពេលបួនឆ្នាំបន្ទាប់ពីឧកញ៉ា បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកឧកញ៉ា លី ហួរ ឆ្នាំ១៩៧៦ ក្នុងរបបប៉ុល ពត។  លោកស្រី ស៊ាង លីម និងលោក លី ហួរ បានប្តូរលំនៅឋានពីខេត្តកំពង់ចាមមករស់នៅរាជធានីភ្នំពេញ ដោយប្រកបមុខរបរលក់សំលៀកបំពាក់ និងក្រណាត់ដែលចូលមកពីប្រទេសវៀតណាម។ ក្រោយមក អ្នកទាំងពីរបានប្តូរជំនួញពីលក់ក្រណាត់មកចាប់ផ្តើមអាជីវកម្មប្តូរប្រាក់និងលក់មាសក្នុងឆ្នាំ១៩៨៦។ ឧកញ៉ា ស៊ាង លីម មានបទពិសោធន៍ទូលំទូលាយ ក្នុងការគ្រប់គ្រងអាជីវកម្មជាង៣០ឆ្នាំ ដែលមានតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ អ៊ិចឆេង។

ឧកញ៉ា ស៊ាង លីម ក៏បានដឹកនាំក្រុមការងារឆ្នើមក្នុងការបំពេញបេសកកម្មបម្រើសេវាកម្មប្តូរប្រាក់ជូនអតិថិជនប្រកបដោយវិជ្ជាជីវៈតាមរយៈបណ្តាញការិយាល័យប្រតិបត្តិការចំនួន ១៤ សាខានិងបានកសាងកេរ្តិ៍ឈ្មោះល្អសម្រាប់ក្រុមហ៊ុននៅក្នុងទីផ្សារកម្ពុជា។

៣.ឧកញ៉ា លី សុភ័ក្ត អនុប្រធាននាយកប្រតិបត្តិ

លោក លី សុភ័ក្ត កើតនៅឆ្នាំ១៩៧៨ ក្នុងខេត្តកំពង់ចាម និងត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១១ ។ លោកជាធុរជនខ្មែរមានភាពស្វាហាប់ និងប្រជាប្រិយមួយរូប ព្រមទាំងមានបទពិសោធន៍ជាង១០ឆ្នាំក្នុងការគ្រប់គ្រងអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះលោកបានចូលរួមពង្រីកអាជីវកម្ម និងវិនិយោគក្នុងវិស័យជាច្រើនរួមមានវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុជាដើម ។

លោកមានមុខតំណែង និងតួនាទីសំខាន់ៗផ្សេងទៀតដូចជា សមាជិកក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ លីស៊ីង។ លោកបានខិតខំចូលរួមជម្រុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជនប្រកបដោយនិរន្តភាពតាមរយៈការវិនិយោគក្នុងប្រទេស។

៤.ឧកញ៉ា លី សុភាព អនុប្រធាននាយកប្រតិបត្តិ

លោក លី សុភាព កើតនៅខែមករា ឆ្នាំ១៩៨៣ និងត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១១។ លោកស្រីបានបញ្ចប់ការសិក្សាកម្រិតបរិញាបត្រជំនាញផ្នែកគណនេយ្យ នៅប្រទេសសិង្ហបុរីក្នុងឆ្នាំ១៩៩៩។ ឧកញ៉ាក៏បានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែករចនាប្រព័ន្ធ ពហុផ្សព្វផ្សាយពីសាកលវិទ្យាល័យ   Huddersfield University of Manchester     ចក្រភពអង់គ្លេសក្នុងឆ្នាំ២០០៤។

ឆ្នាំ២០១៦ លោកត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ និងជានាយកប្រតិបត្តិក្រុមហ៊ុនរតនៈអលង្ការតាំងពីឆ្នាំ២០០៧។ លើសពីនេះ លោកឧកញ៉ាមានក្រុមហ៊ុនអាជីវកម្មមួយចំនួនទៀត រួមមានក្រុមហ៊ុន 3rd Generation   ក្រុមហ៊ុនចែកចាយចំណីអាហារឈ្មោះ IKVM Distribution និងក្រុមហ៊ុនផ្តល់សេវាកម្មធនធានមនុស្សឈ្មោះ IG Consultant បង្កើតនៅឆ្នាំ២០០៩។

៥.លោកជំទាវឧកញ៉ា លី សុភារី អនុប្រធាននាយកប្រតិបត្តិ

លោកស្រី លី សុភារី ត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិនៅឆ្នាំ២០១១។ ឧកញ៉ាបានបញ្ចប់ការសិក្សានៅមជ្ឈមណ្ឌលអប់រំផ្នែកទេសចរណ៍ និងសណ្ឋាគារ ប្រទេសសឹង្ហបុរី ជាកន្លែងដែលឧកញ៉ាបានទទួលសញ្ញាបត្រជំនាញផ្នែកគ្រប់គ្រងសណ្ឋាគារក្នុងឆ្នាំ ២០១០។ លោកស្រីជាធុរជនវ័យក្មេង និងស្វាហាប់ម្នាក់ ដោយបានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនតាំងពីអាយុ២៤ឆ្នាំ និងមានក្រុមហ៊ុនអាជីវកម្មមួយចំនួននៅក្នុងប្រទេសកម្ពុជា។ អាជីវកម្មដែលឧកញ៉ាបានវិនិយោគក្រៅពីក្រុមហ៊ុន លី ហួរ គ្រុប រួមមាន អាជីវកម្មលក់គ្រឿងស្រវឹង និងភេសជ្ជៈសេវាក្លឹបកំសាន្ត សាឡន ស្ប៉ា និងសេវាផ្នែកសម្ភស្សជាដើម៕