សាកលវិទ្យាល័យរដ្ឋមួយ អញ្ជើញឧកញ៉ា ផន វណ្ណិត មកចែករំលែកបទពិសោធន៍ជីវិតជោគជ័យដល់និស្សិតរបស់ខ្លួន

ជុំវិញ​ឧកញ៉ា

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំសិក្ខាសាលាដ៏ធំប្រចាំឆ្នាំស្តីពី «ការរៀបចំផែនទីជីវិត» នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២នេះ ដោយផ្តល់វត្តមានពីអតីតនិស្សិតជោគជ័យម្នាក់របស់សាកលវិទ្យាល័យ គឺឧកញ៉ា ផន វណ្ណិត មកចែករំលែកបទពិសោធន៍ជោគជ័យក្នុងជីវិតក៏ដូចជាជោគជ័យក្នុងអាជីវកម្មរបស់លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាជាបញ្ញាវន្តខ្មែរមួយរូបដែលទទួលបានអប់រំពីបរទេសរហូតចប់ថ្នាក់បណ្ឌិត ហើយលោកក៏អតីតសាស្រ្តាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាផងដែរ។ បច្ចុប្បន្នលោកជាពាណិជ្ជករខាងអចលនទ្រព្យ និងកសិកម្ម និងអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា។

ក្នុងសិក្ខាសាលានាព្រឹកនេះ មាននិស្សិតចូលរួមប្រមាណជាង ២០០នាក់ នៅពុទ្ធិកសាកលវិទ្យាល័យផ្ទាល់តែម្តង នៅទល់មុខនឹងស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា និងផ្សារទំនើប Aeon ស្ថិតនៅក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការអញ្ជើញមកចែករំលែកក្នុងសិក្ខាសាលានេះរបស់ឧកញ៉ាបណ្ឌិត ផន វណ្ណិត ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងជាអតីតនិស្សិតសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺតបតាមការអញ្ជើញរបស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានចែករំលែកនូវបទពិសោធន៍ក្នុងការសិក្សារៀនសូត្រ ការរៀបចំផែនទីជីវិត ដើម្បីជាប្រទីបជាផ្លូវរកស្វែងរកភាពជោគជ័យ។

បើតាមលោកឧកញ៉ា ដើម្បីក្លាយជាធនធានដ៏ពូកែរបស់ជាតិ យុវជនត្រូវប្រកាន់ភ្ជាប់ ៥ចំណុចរួមមាន៖

១-ក្លាហាន

២-ចូលចិត្តសិក្សា

៣-ឧស្សាហ៍ព្យាយាម

៤-ធ្វើរឿងមានប្រយោជន៍

៥-មានគោលដៅធំច្បាស់លាស់៕