ជនណាដែលបានប្រើប្រាស់ ឬក្លែងបន្លំឯកសណ្ឋានគោរមងារផ្លូវការអ្នកឧកញ៉ា ឧកញ៉ា នឹងត្រូវផ្តន្ទាទោស

ជុំវិញ​ឧកញ៉ា

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០២១ បានសម្រេចចេញអនុក្រឹត្យឲ្យប្រើប្រាស់ឯកសណ្ឋានគោរមងារផ្លូវការរបស់អ្នកឧកញ៉ា ឧកញ៉ានៅកម្ពុជា ដើម្បីប្រើប្រាស់ក្នុងពេលចូលរួមពិធីបុណ្យជាតិ ប្រពៃណីជាតិ និងពិធីផ្លូវការផ្សេងៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុក្រឹឹត្យចំនួន ៨ទំព័រដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសង្កត់ធ្ងន់ទៅលើជនណាដែលបានប្រើប្រាស់ ឬក្លែងបន្លំឯកសណ្ឋានគោរមងារផ្លូវការ សញ្ញាស័ក្តិ​ មេដាយ និងបន្តោងខ្សែក សម្រាប់ពាក់លើឯកសណ្ឋានគោរមងារអ្នកឧកញ៉ា និងឧកញ៉ា នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន តាមមាត្រា ១២ ​ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងអនុក្រឹត្យដដែល រដ្ឋាភិបាលបានផ្តល់សិទ្ធិឲ្យសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ពិនិត្យ រៀបចំ និងផ្តល់តាមគោលការណ៍ធ្វើការកំណត់ឯកសណ្ឋានគោរមងារផ្លូវការ សញ្ញាស័ក្តិ មេដាយ និងបន្តោងខ្សែក សម្រាប់ពាក់លើឯកសណ្ឋានគោរមងារអ្នកឧកញ៉ា ឧកញ៉ា នៅប្រទេសកម្ពុជា។

សូមជម្រាបជូនថា សមាគម មូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ត្រូវបានដឹកនាំដោយពាណិជ្ជករចាស់វស្សាដ៏មានឥទ្ធិពលម្នាក់នៅក្នុងពិភពជំនួញ គឺឧកញ៉ា តែ តាំងប៉ ហើយលោកក៏កំពុងដឹកនាំសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា ផងដែរ៕