លោកជំទាវឧកញ៉ា កែវ មុំ បង្ហើប​ចំណុចសំខាន់ៗ ៦ ចំណុច ដែលអ្នកមានតែងតែប្រកាន់ខ្ជាប់ក្នុងខ្លូន

ជុំវិញ​ឧកញ៉ា

លើក​ឡើង​ក្នុងវេទិកា​ភាពជាអ្នកមានលើកទី ៤ ជំទាវឧកញ៉ា កែវ មុំ បានបង្ហើបប្រាប់ពីទម្លាប់ទាំង៦សំខាន់ៗ ដែលអ្នកមានតែងតែប្រកាន់ខ្ជាប់ក្នុងខ្លួនជានិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវឧកញ៉ា កែវ មុំ ដែលគេ​ដឹង​ថា​ជាំ​អគ្គនាយិកា​​ក្រុមហ៊ុនលីលី ហ៊្វូដ អ៊ិនដាសទ្រី និងជាប្រធានសមាគមស្រ្តីនៅកម្ពុជា បានលើកឡើងពីទម្លាប់ទាំង៦ទាំងនោះរួមមាន៖

១. គិតគូរឲ្យបានច្បាស់លាស់ និងហ្មត់ចត់: អ្នកមាន​តែងតែ​គិត​រាល់កិច្ចការទាំងឡាយច្បាស់លាស់ និងល្អិតល្អន់បំផុត​។ ក្នុងចំណុចនេះ លោកជំទាវបញ្ជាក់ពីគន្លឹះតូចៗចំនួន ១១ បន្ថែមទៀតដូចជា ១.ការដើរឲ្យបានមុនគេ ២.គិតលើភាពវិជ្ជមានឲ្យបានច្រើន ៣.ផ្តោតទៅលើឱកាស ៤. គិតគូរពិចារណាឲ្យបានហ្មត់ចត់ ៥.គិតឲ្យបានច្រើនផ្លូវ ៦. មិនយកសំរាមមកដាក់ក្នុងខួរក្បាល ៧.ចងចាំអ្វីដែលមានប្រយោជន៍ ៨.រំឮកនូវការដឹងគុណជានិច្ច ៩.តែងតែលើកទឹកចិត្តខ្លួនឯងជានិច្ច ១០.មិនមើលស្រាលការ​ងារ​តូចតាច និងទី១១.តាមដាមការងារដែលបានធ្វើជាប្រចាំ។

២.មើលឲ្យស៊ីជម្រៅ: ត្រង់នេះលោកជំទាំវឧកញ៉ាបានគូសបញ្ជាក់ថា អ្នក​មាន​តែង​មើល​ធ្លុះនូវរាល់បញ្ហាទាំងឡាយទាំងពួង មើលអ្វីៗជុំវិញខ្លួនឲ្យធំទូលាយ (ឈរកាន់តែខ្ពស់មើលឃើញកាន់តែឆ្ងាយ) និងរៀនមើលពីកត្តាឬបរិយាកាសបានជុំវិញខ្លួនបានច្រើន មិនថាពេលដោះស្រាយបញ្ហាឬធ្វើអ្វីក៏ដោយ ក៏មើលឲ្យបានគ្រប់ជ្រុងជ្រោយទាំងអស់។

៣. ការស្តាប់ប្រកបដោយវិចារណញ្ញាណ: ការស្ដាប់ឲ្យយល់ហើយយកទៅពិចារណាថ្លឹងថ្លែងវែកញែកឲ្យបានច្បាស់លាស់។ អ្វីដែលសំខាន់ គួរស្ដាប់រឿងរាវណាដែលមានប្រយោជន៍ឲ្យបានច្រើន ចៀសវាងការស្តាប់តែរឿងអត់ប្រយោជន៍ និងព្យាយាមស្ដាប់ឲ្យបានច្រើនជាងនិយាយ ទើបទទួលបានព័ត៌មាននិងអត្តប្រយោជន៍ច្រើនចូលមកកាន់​ជីវិត។

៤. ការនិយាយស្តី: ត្រង់ចំណុចនេះ លោកជំទាវបានបន្ថែមថា ការនិយាយស្តីត្រូវនិយាយអ្វីដែលជាការពិតទៀងត្រង់ ចៀសវាងពាក្យភូតកុហក និយាយប្រកបដោយការទទួលខុសត្រូវ មានសុជីវធម៌ និងការគោរពឲ្យតម្លៃអ្នកដទៃ។

៥. សុខភាព: សម្រាប់សុខភាព ត្រូវតែថែទាំឲ្យបានល្អទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តទើបអាចសម្រេចនូវរាល់កិច្ចការទាំងឡាយបានជោគជ័យ។

៦. ឥរិយាបថ: ចំណុចចុងក្រោយនេះពាក់ព័ន្ធនឹងការ ដេក ដើរ ឈរ អង្គុយប្រកបដោយអត្តចរិតថ្លៃថ្នូរ និងមានភាពអង់អាចក្លាហាននៅក្នុងខ្លួន។ ក្រៅពីនោះត្រូវមានឥរិយាបថក្នុងខ្លួនដូចជា៖ មានវប្បធម៌ក្នុងការចែករំលេក រៀនសូត្រជាប្រចាំអំពីខ្លួនឯងនិងអ្នកដទៃ ទម្លាប់មានគុណធម៌ជាមួយអ្នកដទៃ មិនត្រូវបោះបង់គោលដៅរបស់ខ្លួន រីករាយជាមួយអ្វីដែលខ្លួនកំពុងតែធ្វើ ធ្វើការសង្កេតលើបុគ្គលិកដែលនៅក្រោមបង្គាប់ រៀនធ្វើជាបុគ្គលដែលអាចចូលរួមក្នុងសង្គមបានគ្រប់កាលៈទេសៈ ធ្វើជាមនុស្សរឹងមាំ មិនតក់ស្លុត ហ៊ានទទួលខុសត្រូវរាល់ទង្វើដែលខ្លួនបានប្រព្រឹត្ត មិនមានអត្តចរិតច្រងេងច្រងាង គោរពខ្លួនឯង និងចេះគោរពពេលវេលាជានិច្ច៕