នាយករដ្ឋមន្ត្រី ស្នើឧកញ៉ានៅកម្ពុជា កុំធ្វើសកម្មភាពអ្វីផ្តេសផ្តាស់ ដែលមិនសមទទួលគោរម្យងារ

ជុំវិញ​ឧកញ៉ា

«គោរមងារឧកញ៉ា» ជាងារកិត្តិយសព្រះមហាក្សត្រប្រទានដល់អ្នកមានអាជីវកម្មសុច្ចរិត មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយបានចូលរួមបរិច្ចាគជួយអភិវឌ្ឍជាតិមានតុភូមិ ប្រជាពលរដ្ឋ ឬជួយផ្នែកមនុស្សធម៌ជាដើម ទើបទទួលបានងារកិត្តិយស ជា «ឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាស់ព្រឹទ្ធាចារ្យ និងអ្នកប្រវត្តិសាស្ត្រ មួយចំនួនគូសបញ្ជាក់ប្រាប់ឧកញ៉ាញូស៍ថា៖ «ឧកញ៉ា ឬគហបតិ សេដ្ឋី ពីដើមឡើយជាអ្នកមានអំណាច ជាអ្នកដែលបាននៅក្បែរអ្នកមុខអ្នកការធំៗ ជាមន្ត្រីរាជការស័ក្តិខ្ពស់ ឬអ្នកបម្រើការងារក្នុងព្រះបរមរាជវាំង ហើយស្និទ្ធស្នាលនឹងស្តេច ទើបហៅថា សេដ្ឋី ឬគហបតិ។ សេដ្ឋីជំនាន់នោះតែងតែចេញមុខខ្វល់ខ្វាយទុកលំបាកប្រជានុរាស្រ្ត។ ចំណែកប្រជានុរាស្ត្រក៏គោរពស្រឡាញ់ពេញចិត្តទៅវិញដែរ។

ចាស់ព្រឹទ្ធាចារ្យ អ្នកប្រវត្តិសាស្ត្រដដែលបានរំលឹកស្រដៀងៗគ្នាថា អ្នកមាន ឬសេដ្ឋីពីដើមមិនមានច្រើនដូចបច្ចុប្បន្នឡើយ ដោយជំនាន់នោះអ្នកមានទ្រព្យភាគច្រើនជាអ្នករាជការ និងជាអ្នកជួញដូរទំនិញ ទើបក្លាយជាសេដ្ឋី។

សម្រាប់កម្ពុជា បច្ចុប្បន្នមានបុគ្គលទទួលគោរមងារ «ឧកញ៉ា» កើនឡើងរៀងរាល់ឆ្នាំ។ ប៉ុន្តែតម្លៃជាឧកញ៉ាត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ដែរ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ នេះប្រហែលជាទំនងអាចកើតឡើងពីទង្វើមិនគប្បីរបស់ឧកញ៉ាមួយចំនួនដែលប្រព្រឹត្តខុសឆ្គងក្នុងគ្រួសារ និងសង្គមជាតិទាំងមូល ទើបធ្វើឲ្យតម្លៃរបស់ឧកញ៉ានៅកម្ពុជាធ្លាក់ចុះដូច្នោះ។

ជុំវិញបញ្ហាវិបត្តិឧកញ៉ា ធ្លាក់ចុះតម្លៃនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យឧកញ៉ានានានៅកម្ពុជា កុំធ្វើសកម្មភាពអ្វីផ្តេសផ្តាស់ ដែលមិនសមទទួលគោរមងារ ឧកញ៉ា ពីព្រះមហាក្សត្រ។

ថ្លែងក្នុងឱកាសចុះពិនិត្យ ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ នៅកាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ សម្តេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ «កុំភ្លេចណាឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា មានការព្រះរាជទាន ពីព្រះមហាក្សត្រ សូមឲ្យឧកញ៉ានានា អ្នកឧកញ៉ានានា លោកឧកញ៉ានានា ធ្វើសកម្មភាពផ្តេសផ្តាស់»។

យ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញអនុក្រឹត្យ តម្រូវឲ្យមានឯកសណ្ឋានផ្លូវការឧកញ៉ា ដើម្បីងាយស្រួលចំណាំ ពេលមកចូលរួមក្នុងកម្មវិធីធំៗ។ កាលពីខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលក៏ចេញអនុក្រឹត្យបានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ្ញ៉ា ការផ្តល់គោរមងារឧកញ្ញ៉ា និងការដកហូតគោរមងារឧកញ្ញ៉ា ដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

សូមជម្រាបជូនថា កាលពីចុងខែសីហាកន្លងទៅថ្មីៗនេះ ក្រុមការងារអន្តរក្រសួង បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា និងសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដែលដឹកនាំដោយក្រសួងមហាផ្ទៃ។

បើតាមមន្រ្តីក្រសួងមហាផ្ទៃ បានប្រាប់ឧកញ៉ាញូស៍ថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា មានចំនួន ១០ជំពូក និង ២៦មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបានគោរមងារឧកឧញ៉ា នៅប្រទេសកម្ពុជា បាននឹងកំពុងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងនៅឡើយ។

សូមបញ្ជាក់ថា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានសម្រេចធ្វើការផ្លាស់ប្តូរ ឬតម្លើងថ្លៃ ចំពោះគោរមងារ «ឧកញ៉ា» ខណៈពីមុនគោរមងារ «ឧកញ៉ា» តម្រូវត្រឹមតែ១០ម៉ឺនដុល្លារប៉ុណ្ណោះ ។ យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ សប្បុរសជនណាមានបំណង ចូលរួមកសាងនិងអភិវឌ្ឍន៍ ប្រទេសជាតិដោយមានតម្លៃចាប់ពី៥០ម៉ឺនដុល្លារឡើងទៅ ត្រូវបានទទួលគោរមងារជា «ឧកញ៉ា»៕