ឧកញ៉ា ឆាយ ស៊ីវលីន ទទួលពានរង្វាន់ពិសេសអាស៊ាន នៃសហគ្រិនស្រ្តី ក្នុងចំណោមស្ត្រី៣៨រូបក្នុងតំបន់

ជុំវិញ​ឧកញ៉ា

លោកស្រីឧកញ៉ា ឆាយ ស៊ីវលីន ទទួលបានពានរង្វាន់ពិសេសអាស៊ាន នៃសហគ្រិនស្រ្តី ក្នុងចំណោមសហគ្រិនស្ត្រី ៣៨រូបក្នុងតំបន់អាស៊ាន ដើម្បីបញ្ជាក់អំពីសារសំខាន់នៃសហគ្រិនស្ត្រីក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចអាស៊ាន ពីកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រី ក្នុងអាស៊ាន» នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីត្រូវបានគេដឹងថា ជាស្ត្រីឆ្នើមមួយរូបមានឈ្មោះបោះសំឡេងច្រើនឆ្នាំមកហើយនៅក្នុងវិស័យទេសចរណ៍ កម្ពុជា។ បច្ចុប្បន្ន លោកស្រីមានតួនាទី ជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) និងជាម្ចាស់ក្រុមហ៊ុន CSL Travel and Tour ។

ពិធីប្រគល់ពានរង្វាន់នេះ ក្រោមវត្តមានលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ ដែលចូលរួមតំណាងពីក្រសួង-ស្ថាប័នពាក់ព័ន្ធនៅក្នុងតំបន់អាស៊ាន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ចំនួនប្រមាណ២០០រូប ចូលរួមដោយផ្ទាល់នៅភ្នំពេញ និងប្រមាណ៥០រូប តាមប្រព័ន្ធវីដេអូអនឡាញ។

សូមជម្រាបថា តាមរយៈកិច្ចសហការនិងគាំទ្រ ពីបណ្តាញសហគ្រិនស្ត្រីកម្ពុជា, បណ្តាញសហគ្រិនស្រ្តីអាស៊ាន និងក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន នៅតាមបណ្តាប្រទេសនីមួយៗក្នុងអាស៊ាន បានរៀបចំនិងជ្រើសរើសស្រ្តីឆ្នើម ដើម្បីចូលរួមក្នុងកម្មវិធីពានរង្វាន់នេះ។ ជាលទ្ធផល សហគ្រិនស្រ្តីនៅក្នុងបណ្តាប្រទេសនីមួយៗ បានជ្រើសរើសចំនួន៣៨រូប ដែលទទួលបានពានរង្វាន់ពិសេសអាស៊ាននេះ៕