ឧកញ៉ា អ៊ឹង គីមហុង៖ អ្នកខ្លះឃើញយើងដាក់ខ្លួនកាន់តែទាប ចាប់ផ្តើមជាន់យើងតែម្តង

ជុំវិញ​ឧកញ៉ា

ឧកញ៉ា អ៊ឹង គីមហុង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TLL យល់​ថា អ្នកខ្លះឃើញយើង​ដាក់ខ្លួន​កាន់​តែទាប ចាប់ផ្តើមជាន់យើងយក​តែម្តង ឬ​ចាប់​ផ្តើម​តិះ​ដៀល​​យើង​​​តែ​ម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ​​បាន​​​លើក​ឡើង​​ក្នុង​វីដេអូ​ឃ្លីប​មួយ កាលពី​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ២០២២ ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា៖ “ពាក្យចាស់ពោលថា «ងើយ​ស្កក ឱនដាក់គ្រាប់» មានន័យថា យើងដាក់ខ្លួនកាន់តែទាប ​យើង​នឹង​កាន់​តែ​មាន​តម្លៃ ប៉ុន្តែ​អ្នក​ខ្លះ​មិន​ដូច្នោះ​ទេ ឃើញយើងដាក់ខ្លួនកាន់តែទាប ចាប់ផ្តើមជាន់​យើង​យក​តែម្តង”។

“អ្នកខ្លះ ឃើញ​យើង​ចេញ​រកស៊ី​ថ្មីថ្មោង ​ចាប់​ផ្តើម​លក់​អនឡាញ​កំប៉ិក​កំប៉ុក ​​ចាប់​ផ្តើម​ត្មេះ​​តិះ​ដៀល​គេ​តែ​ម្តង រៀន​អស់​លុយ​​គគោក ​​មក​រកស៊ី​អញ្ចឹង..រៀន​ដល់​វិស្វករ រៀន​ដល់​ពេទ្យ រៀន​ដល់​ IT ​​ចុង​ក្រោយ​មក​លក់​អនឡាញ។ មនុស្ស​មួយ​ចំនួន​ ចូលចិត្ត​តិះដៀល​គេ​បែប​ហ្នឹង។ អ្នក​ត្រូវចាំ​ថា ​​ពេល​គេ​ចេញ​រក​ស៊ី ពេល​គេ​ចេញ​លក់ដូរ ទោះ​តូច​តាច​ក្តី មិនមែន​មានន័យ​ថា គេ​អន់ទេ ​​ក៏​មិនមែន​មាន​ន័យ​ថា គេ​ទាល់​ច្រក​អស់​ផ្លូវ​ដើរ​ដែរ។ យើង​គួរ​តែ​សរសើរ​គេ ដែល​គេ​រៀនបាន​ច្រើន មាន​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់ ​គេ​មាន​ការងារ​ល្អ មាន​តំណែង​ធំ​ហើយ គេ​នៅ​ឆ្លៀត​មក​រក​ចំណូល​បន្ថែម​ទៀត។ យើង​គួរ​តែ​សរសើរ​គេ ​​ដែល​គេ​ហ៊ាន​ធ្វើ​រឿង​បែប​នេះ”។ លោក​ឧកញ៉ា បាន​បញ្ជាក់​បន្ថែម។

សូម​ជម្រាប​ជូន​ថា ឧកញ៉ា អ៊ឹង គីមហុង រហស្សនាម «ឧកញ៉ា​គួរ​ឱ្យ​ស្រឡាញ់» គឺជា​អ្នក​ជំនួញ​វ័យ​ក្មេង​ឆ្នើម​ម្នាក់​​ក្នុង​វិស័យ​អចលនទ្រព្យ និង​វិស័យ​កម្សាន្ត​ ​​ហើយ​ថ្មីៗ​នេះ កាល​ពី​​ថ្ងៃទី​០៥ ខែ​តុលា ឆ្នាំ២០២២ ​​លោក​ឧកញ៉ា ​​ក៏​ទើប​តែ​ បើក​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​ នូវ​ក្លឹប​កម្សាន្ត​ថ្មី​របស់​លោក ដែល​ទើប​នឹង​បង្កើត​ឡើង​ឈ្មោះ​ថា «T7» ផងដែរ៕