កូនប្រសារអ្នកឧកញ៉ា ម៉ុង ឫទ្ធី សំណូមពរឱ្យម្ចាស់ពានសហគ្រិនឆ្នាំ២០២២ ទៅប្រកួតកម្រិតអាស៊ាន

ជុំវិញ​ឧកញ៉ា

បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និង​ជាប្រធានគណៈកម្មការផ្តល់ពិន្ទុ​វគ្គផ្តាច់ព្រ័ត្រ​កម្មវិធីប្រកួតប្រជែង “ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២” ​​បាន​សំណូមពរ​ឱ្យ​ម្ចាស់​ពាន​រង្វាន់​​​​​​​​​ថ្នាក់​ជាតិ​ឆ្នាំ​២០២២​នេះ ​​ត្រៀម​ខ្លួន​ទៅ​ប្រកួត​យក​ពាន​រង្វាន់​កម្រិត​អាស៊ាន នៅ​ប្រទេស​ឥណ្ឌូនេស៊ី ​​​ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប

​កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ២០២២ ​​សហគ្រិនខ្មែរ (Khmer Enterprise) សហការជាមួយ​វិទ្យាស្ថាន​ជាតិសហគ្រិនភាពនិងនវានុវត្តន៍ ​(NIEI)​​​ បានរកឃើញម្ចាស់​ជ័យលាភីពានរង្វាន់សហគ្រិន​ថ្នាក់ជាតិ​ឆ្នាំ២០២២ ទាំង៤រូប គឺ៖
» លេខ១៖ លោក ឈរ រិទ្ធី (ខ្មែរ ហ្រ្វេស មិល ឯ.ក ខេត្តតាកែវ)
» លេខ២៖ លោកស្រី ទ្រី មុយគា (សហគ្រាសផលិតថ្នាំ ប៉េប៉េអឹម ភ្នំពេញ)
» លេខ៣៖ លោកស្រី ងន វ៉ាន់ថា (Color Silk Enterprise ភ្នំពេញ)
» លេខ៤៖ លោកស្រី ម៉ៅ សុធា (SHE Acrocam Products Co.,Ltd ភ្នំពេញ)។

បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងគណៈកម្មការផ្តល់ពិន្ទុ​វគ្គផ្តាច់ព្រ័ត្រ​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ ​​បាន​ថ្លែង​ក្នុង​ពិធីបិទពានរង្វាន់​សហគ្រិនថ្នាក់ជាតិ​ឆ្នាំ២០២២ ​​ថា ​ឆ្នាំក្រោយ​នឹង​មានការប្រកួតពានរង្វាន់សហគ្រិន​អាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី។ ដូច្នេះ​លោក​សូម​អំពាវនាវឱ្យអ្នកជាប់ ឬអ្នកមិនបានជាប់ ត្រៀមខ្លួនទៅប្រកួតពានរង្វាន់អាស៊ានឆ្នាំ២០២៣ ហើយ​ក្នុងនោះក៏មានពានរង្វាន់ទូទៅ និងពានរង្វាន់ពិសេសថែមទៀត។

លោក​បណ្ឌិត​ ក៏​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ និង​គណៈកម្មការ​ថ្នាក់​ជាតិ ជួយ​រៀប​ចំ​បង្កើតឱ្យមានវគ្គណែនាំ​តម្រង់ទិសបន្ថែម មុន​ឱ្យ​បេក្ខជន​ឆ្នើម​ថ្នាក់​ជាតិ​ទាំង​អស់​ ទៅចូលរួមប្រកួតពានអាស៊ាន ដើម្បី​ធ្វើយ៉ាងណា​ឱ្យបានជោគជ័យទាំងអស់គ្នា សម្រាប់ជាតិយើង។

សូម​ជម្រាប​ជូន​ថា ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ ដែលរៀបចំដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) និងសហគ្រិនខ្មែរ (KE) ឧបត្ថម្ភធំដោយធនាគារ ព្រីនស៍ បាន​ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារហ៉ីម៉ាវ៉ារីភ្នំពេញ។ កម្មវិធីនេះ គាំទ្រដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងពាណិជ្ជកម្ម និង​ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍៕

67 Shares