ឧកញ៉ា ចាន់ ស៊ីថា បង្ហាញហេតុផលចំនួន ៣ នាំឱ្យទឹកត្រីរបស់ក្រុមហ៊ុនល្បីឈ្មោះដូចសព្វថ្ងៃ

ជុំវិញ​ឧកញ៉ា

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ ចុះទស្សនកិច្ចស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មទឹកត្រីង៉ូវហេង កំពត និងផ្សារអ៊ីឆេ ង៉ូវហេង នៅក្រុងកំពត ខេត្តកំពត ដើម្បីជំរុញការនាំចេញទៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ចាន់ ស៊ីថា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនទឹកត្រីង៉ូវហេង បានលើកឡើងថា សិប្បកម្មរបស់លោកចាប់ផ្តើមតាំងពីឆ្នាំ១៩៩៥ មកដល់សព្វថ្ងៃមានអាយុកាល២៧ឆ្នាំហើយ និងបានវិវឌ្ឍន៍ខ្លួនបន្តិចម្តងៗរហូតទទួលបានស្តង់ដារជាតិមុនគេក្នុងខេត្តកំពត នាឆ្នាំ២០០៣, បានទទួលគម្រោងអភិវឌ្ឍន៍ TDF ក្នុងឆ្នាំ២០០៩, ទទួលបានមេដាយក្នុងការប្រកួតប្រជែងកែច្នៃកសិកម្ម និងបានបង្កើតផ្សារង៉ូវហេងកំពតក្នុងឆ្នាំ២០១៧, ទទួលបានពានចំនួន៥ ពីក្រសួងរ៉ែនិងថាមពល និងទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារអន្តរជាតិ HCCAP នៅឆ្នាំ២០១៨។ ថ្មីៗនេះ ក្រុមហ៊ុនរបស់លោកឧកញ៉ាក៏ទទួលបានស្តង់ដារហាឡាលកម្ពុជាពីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មផងដែរ។

ថ្លែងនៅចំពោះមុខរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកូរ៉េ ឧកញ៉ា ចាន់ ស៊ីថា បានទម្លាយនូវមូលហេតុដែលនាំឱ្យទឹកត្រីរបស់ក្រុមហ៊ុនទឹកត្រីង៉ូវហេង ល្បីឈ្មោះបានដូចសព្វថ្ងៃ គឺមានចំនួន ៣ធំៗ រួមមាន៖ ទី១-ត្រីកាកើមដែលមានគុណភាព ទី២-អំបិលកំពតដែលមានគុណភាព និងទី៣-ការបន្ទុំបែបប្រពៃណី។

លោកឧកញ៉ាបានគូសបញ្ជាក់ថា ដើម្បីក្លាយជាក្រុមហ៊ុនកែច្នៃផលិតផលម្ហូបអាហារឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនមានបេសកកម្មក្នុងការផលិតតាមប្រពៃណីបែបទំនើបកម្ម ដែលរក្សាគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់ដល់អ្នកប្រើប្រាស់ ហើយក្រុមហ៊ុនមានបំណងបង្កើតផលិតផល Premium ថ្មី និងផលិតផលថ្មីសម្រាប់សុខភាព ជាពិសេសពង្រឹង និងពង្រីកបន្ថែមទៀតនូវសមត្ថភាពផលិតដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ផងដែរ។

សូមជម្រាបជូនថា ផលិតផលសំខាន់ៗរបស់ក្រុមហ៊ុនទឹកត្រីង៉ូវហេងមានដូចជា ទឹកត្រីង៉ូវហេងកំពត ទឹកស៊ីអ៊ីវសៀងពិសេស ទឹកម្ទេស ទឹក ប្រេងខ្យង និងទឹកសៀងពិសេស ដែលផលិតផលទាំងនេះបានដាក់លក់នៅតាមផ្សារទំនើបធំៗក្នុងប្រទេសដូចជាផ្សារទំនើបអ៊ីអន ផ្សារទំនើបឡាក់គី ផ្សារទំនើបជីបម៉ុង ផ្សារទំនើបបាយ័ន ផ្សារម៉ាក្រូ និងផ្សារទំនើបដទៃទៀត៕