អ្នកឧកញ៉ា សុខ គង់ ត្រៀមបង្ហាញស្នាដៃសៀវភៅនៅពីក្រោយភាពជោគជ័យលើកដំបូងរបស់ខ្លួន

ជុំវិញ​ឧកញ៉ា

មហាសេដ្ឋីជើងចាស់ល្បីឈ្មោះរឹងមាំក្នុងពិភពជំនួញនៅប្រទេសកម្ពុជា អ្នកឧកញ៉ា សុខ គង់ ត្រៀមនឹងបង្ហាញស្នាដៃលើកដំបូងជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមឧត្តមសេនីយ៍ឯកផ្កាយ ៣ លោក ងិន បាណាល់ កូនប្រសារអ្នកឧកញ៉ា សុខ គង់ បានឱ្យដឹងលើទំព័រហ្វេសប៊ុកនាល្ងាចថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សៀវភៅដែលអ្នកឧកញ៉ាស្ថាបនិកក្រុមហ៊ុន ស៊ូគីម៉ិច គ្រុប គ្រោងនឹងចេញផ្សាយជាផ្លូវការនោះ មានចំណងជើងថា៖ “អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យ អ្នកឧកញ៉ា សុខ គង់” ជាមួយក្របសៀវភៅទំព័រមុខបង្ហាញរូបភាពអ្នកឧកញ៉ាដាក់ដៃទ្រចង្កា ក្នុងទឹកមុខស្មិងស្មាធិ៍គិតគូរវែងឆ្ងាយទៅគោលដៅអនាគត។ ចំណែកឯក្របសៀវភៅខាងក្រោមវិញបានរំលេចពាក្យស្លោកមួយឃ្លារបស់អ្នកឧកញ៉ា យ៉ាងដូច្នេះថា៖ “ត្រូវស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារដើម្បីកសាងកេរ្តិ៍ឈ្មោះ”

សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ ពាណិជ្ជករចាស់វស្សាជោគជ័យក្តោបក្តាប់មុខជំនួញប្រាក់ពាន់លានជាច្រើននៅក្នុងដៃ ដែលចាប់ផ្តើមចេញរកស៊ី ពីមាសត្រឹមតែមួយជីដោយចាប់មុខរបបជាអ្នកផលិតកង់កៅស៊ូនៅរាជធានីភ្នំពេញ។ លោកជាមហាសេដ្ឋីមួយរូប និងជាមនុស្សដ៏មានឥទ្ធិពលក្នុងចំណោមអ្នកជំនួញជាច្រើនរូបទៀត ឬអាចនិយាយបានថា ជាគ្រាប់អុកសេដ្ឋកិច្ចមួយរូបដែលកំពុងរកស៊ីនៅប្រទសកម្ពុជា។

គិតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុន សូគីម៉ិច គ្រុប ​រក​ស៊ី​នាំ​ចូល​ប្រេងសាំង រក​ស៊ី​កាស៊ីណូ សណ្ឋាគារ រោងចក្រ​កាត់​ដេរ កសិកម្មជាដើម។

អ្នកឧកញ៉ា សុខ គង់ បានឲ្យតំបូន្មានថា៖ “យើងធ្វើអ្វីក៏ដោយ យើងត្រូវខំប្រឹងធ្វើវា ហើយយើងត្រូវចេះសន្សំសំចៃ មិនមែនយើងធ្វើថ្ងៃនេះបានដប់ ចាយអស់ដប់ តើថ្ងៃក្រោយយើងបានអីធ្វើទៀត។ យើងធ្វើបន្តិចម្តងៗ ប៉ុន្តែយូរៗទៅវាកាន់តែធំហើយ”៕