បុគ្គលមួយចំនួនកំពុងប្រើប្រាស់ងារឧកញ៉ាដោយមិនទទួលការប្រទានពីព្រះមហាក្សត្រ

ជុំវិញ​ឧកញ៉ា

បច្ចុប្បន្នបុគ្គលដែលមានឈ្មោះឧកញ៉ា អ្នកឧកញ៉ាច្រើនរូបបន្ទាប់ពីបានចូលរួមបរិច្ចាគទ្រព្យធនធានជួយរាជរដ្ឋាភិបាល។ ចំនួនបុគ្គលមានគោរមងារឧកញ៉ា អ្នកឧកញ៉ាដ៏ច្រើននេះ ក៏មានបុគ្គលមួយចំនួនមិនមានព្រះរាជក្រឹត្យប្រទានពីព្រះមហាក្សត្រដែរ ស្របពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងចាត់វិធានការស្រាវជ្រាវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្រ្តីរាជរដ្ឋាភិបាលមួយរូបសុំមិនបង្ហាញអត្តសញ្ញាណបានឲ្យដឹងថា បច្ចុប្បន្នមានបុគ្គលមួយចំនួនកំពុងប្រើប្រាស់ងារឧកញ៉ា ប៉ុន្តែមិនមានក្នុងបញ្ជីឈ្មោះនៃសៀវភៅរាជកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលប្រទានដោយព្រះមហាក្សត្រ។ លោកថា រាជរដ្ឋាភិបាលបាននឹងកំពុងស្រាវជ្រាវ និងកំណត់បញ្ជីឈ្មោះឱ្យបានត្រឹមត្រូវចំពោះបុគ្គលដែលទទួលគោរមងារឧកញ៉ាស្របតាមច្បាប់ និងគោលការណ៍ជាធរមាន។

និស្សិតសិក្សាផ្នែកច្បាប់នៅរាជធានីភ្នំពេញម្នាក់ បានឲ្យដឹងថា សំខាន់អ្នកដែលទទួលបានគោរមងារឧកញ៉ាពួកគាត់បានជួយសង្គមជាតិ ជួយសេដ្ឋកិច្ច គៀងគរវិនិយោគិន ហើយគាត់មិនបានប្រព្រឹត្តប្រាស់ចាកពីគោលការណ៍ច្បាប់ ឬសីលធម៌សង្គមដែលអាប់អោនកិត្តិយសមុខមាត់ជាតិគឺបានហើយ។ ប៉ុន្តែបើបុគ្គលណាមួយហ៊ានយកគោរមងារឧកញ៉ាដែលមិនត្រូវបានប្រទានពីព្រះមហាក្សត្រ យកទៅប្រើប្រាស់ដើម្បីសម្ងែងអួតអាងដើម្បីអំណាចនោះ គួរតែរដ្ឋាភិបាលចាត់វិធានការអនុវត្តទោសទៅច្បាប់ជាធរមាន។

និស្សិតឆ្នាំទី៤រូបនេះ លើកឡើងបញ្ជាក់ថា រាជរដ្ឋាភិបាលមានច្បាប់រួចហើយ ប៉ុន្តែមកដល់ពេលនេះមិនទាន់ឃើញមានវិធានការនៅឡើយ ឬក៏ប្រហែលអាជ្ញាធរមានសមត្ថកិច្ចកំពុងសិក្សាស្រាវជ្រាវកំណត់មុខសញ្ញាក៏យើងមិនបានដឹងនោះដែរ តែប្រសិនបើរដ្ឋាភិបាលកំពុងមានវិធានការមែននោះវាជារឿងល្អហើយ កុំបណ្តែតបណ្តាយឲ្យបុគ្គលដែលពុំមានព្រះរាជក្រឹត្យដើរយកទៅប្រើប្រាស់ខុសច្បាប់នោះទៀត។

ទោះជាយ៉ាងណា នៅកម្ពុជាបច្ចុប្បន្នក៏មានសមាគមដែលបាននឹងកំពុងធ្វើការងារទៅលើការគ្រប់គ្រងបុគ្គលមានគោរមងារឧកញ៉ានេះដែរ។ ជុំវិញការដែលឡើងពីសំណាក់មហាជនចោទដដែលថាមានបុគ្គលមួយចំនួនបានយកគោរមងារឧកញ៉ាទៅប្រើប្រាស់ដោយមិនទទួលការប្រទានពីព្រះមហាក្សត្រនោះ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានពុំអាចទាក់ទងបាននៅឡើយទេដើម្បីសុំការពន្យល់បន្ថែមពីសារព័ត៌មានឧកញ៉ាញូស៍។

សូមជម្រាបជូនថា ដើម្បីគ្រប់គ្រងឧកញ៉ានៅកម្ពុជា ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ឡាយព្រះហត្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ។

ព្រះរាជក្រឹត្យនេះមានកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ាជាការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រពលរដ្ឋខ្មែរដែលមានគុណបំណាច់ផ្ទាល់ខ្លួនចូលរួមអភិវឌ្ឍនិងកសាងជាតិព្រមទាំងការគ្រប់គ្រងនិងការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរទំនៀមទម្លាប់ប្រពៃណីល្អ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ព្រះរាជក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះរូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលទទួលបានគោរមងារឧកញ៉ានៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងព្រះរាជក្រឹត្យដដែលនេះ ក៏បានបញ្ជាក់អំពីស្ថាប័នមានសត្ថកិច្ចក្នុងការពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ាដែលជាសមត្ថកិច្ចរបស់គណៈកម្មការអន្តរក្រសួងមកពីទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា៕