ជំទាវអ្នកឧកញ៉ា១រូប ឧបត្ថម្ភស្រាបៀរវឌ្ឍនៈ ១០០០កេស ដល់អ្នកចូលរួមសម្ពោធចម្រៀងភាពយន្ត “ទុក្ខស្រីប្ដីព្រាត់”

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា ឈុន លាង ម្ចាស់ក្រុមហ៊ុន វឌ្ឍនៈ និងជាម្ចាស់រោងចក្រស្រាបៀរវឌ្ឍនៈ (VATTANAC BREWERY CO., LTD) បាន​ឧបត្ថម្ភ​ស្រាបៀរ​វឌ្ឍនៈ ព្រីមៀមបៀរ ចំនួន ១០០០​កេស ជូន​ដល់​អ្នក​ចូល​រួម កម្មវិធី​សម្ពោធ​ចម្រៀងភាពយន្ត “ទុក្ខស្រីប្ដីព្រាត់” ​​ចំនួន ៦០០​នាក់ កាលពីល្ងាច ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​លោកឧកញ៉ា ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម និង​ជាផលិតករភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» បាន​​លើក​ឡើង​​ថា លោក​និងលោក​ជំទាវ​ ចន ច័ន្ទលក្ខិណា ពិតជាមានមោទនភាពក្រៃលែង ដែលបានរៀបចំកម្មវិធីសម្ពោធចម្រៀងភាពយន្ត “ទុក្ខស្រីប្ដីព្រាត់” កាលពីល្ងាច ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព​ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ដែលជាភាពយន្តចម្រៀង បង្ហាញពីប្រវត្តិជីវិតពិតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ជាមួយ​គ្នា​នេះ លោក​ឧកញ៉ា ហេង ឡុង ក៏​សូមគោរពអរគុណ​ដល់​លោកជំទាវអ្នកឧកញ៉ា ឈុន លាង ម្ចាស់ក្រុមហ៊ុន វឌ្ឍនៈ​ ដែលបានផ្ដល់កិត្តិយសចូលរួម និងបានឧបត្ថម្ភស្រាបៀរ​វឌ្ឍនៈ​ ចំនួន​ ១០០០​កេស ក្នុងមួយកេស​ មាន​ ១២កំប៉ុង ជូនដល់អ្នកចូលរួមទាំងអស់​ប្រមាណ ៦០០​នាក់។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ស្នាដៃថ្មី​ចម្រៀងភាពយន្ត “ទុក្ខស្រីប្ដីព្រាត់” ដឹកនាំសម្ដែង​ដោយ​លោក​ ហ្វៃ សំអាង ខណៈ​ដែល​ឧកញ៉ា ហេង ឡុង, ឧកញ៉ា អ៊ឹង លីហេង និង​លោក​ជំទាវ ចន ច័ន្ទលក្ខិណា ជា​ផលិតករ ហើយ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ​បានជួយ​ឧបត្ថម្ភ​ជា​សម្ភារៈ និង​កាមេរ៉ាថត។

ចម្រៀងភាពយន្ត​នេះ​ បានជ្រើសតួឯកប្រុសសម្ដែងដោយលោក ប៉ាន់ ខែមម៉ានូ ជាតួអង្គសម្ដេចតេជោ ហ៊ុន សែន។ ចំណែកតួឯកស្រីកញ្ញា ឈិន មុន្នីនាថ សម្ដែងជាតួអង្គសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗជាច្រើនដួងទៀត។ ហើយតារាចម្រៀងដែលមកបំពេរអារម្មណ៍​ឱ្យអ្នកស្ដាប់កម្សត់តាមដល់ស្រក់ទឹកភ្នែក ត្រូវបានជ្រើសរើសនិងផ្ដល់កិត្តិយសបកស្រាយ​ដោយកំពូលតារា​ចម្រៀងស្រី មាស សុខសោភា៕