លោក ម៉ិច សីហា បញ្ចេញទស្សនៈជុំវិញសកម្មភាពឧកញ៉ាៗ ដែលបង្ហោះសារទ្រឹស្តីលើបណ្តាញសង្គម

ជុំវិញ​ឧកញ៉ា

លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ IKEY ​​បាន​​យល់​ឃើញ​ថា ​​ឧកញ៉ាៗ​​​មិន​​គួរ​បង្ហោះសារ​បែប​ជា​ទ្រឹស្តី​អប់រំ​​​អ្វី​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​នោះ​ទេ ​​ព្រោះ​បើ​​​ទ្រឹស្តី​នោះ​ខុស​គឺ​គ្រោះ​ថ្នាក់​ណាស់ ដូច្នេះ​លោក​គិត​ថា បើ​ចង់​ចែក​រំលែក​ទ្រឹស្តី​ឱ្យ​ពិត​ប្រាកដ គួរ​តែ​​​​ធ្វើ​ជា​លក្ខណៈ​ផ្លូវការ (Official) ​​តាម​រយៈ​​ការ​បើក​វិទ្យាស្ថាន ឬ​បើកសាលា​នៅ​ស្រុក​កំណើត​របស់​ខ្លួន​ នោះ​ទើប​ជា​ការ​​ប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងវេទិការសាធារណមតិ​មួយ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោក ម៉ិច សីហា ​​បាន​លើក​ឡើង​ថា ​​បើ​មាន​គោរមងារ​ដល់​ឧកញ៉ា​​ហើយ ​​​​​ហើយ​ចង់​ចែក​រំលែក​ទ្រឹស្តី​អប់រំ ឬ​ទ្រឹស្តី​អ្នក​ជោគជ័យ ​នៅ​លើ​បណ្តាញ​សង្គម គួរ​តែ​សហការ​ជាមួយ​វិទ្យាស្ថាន ឬ​បើក​សាលា​ខ្លួន​ឯង​តែ​ម្តង ​ប្រមូល​ផ្តុំ​សាស្ត្រាចារ្យ ​ប្រមូល​ផ្តុំ​អ្នក​ពូកែ​ ផ្តល់​ការងារ​ឱ្យ​អ្នកចេះដឹង ​ចង​ក្រង​សៀវភៅ ចងក្រង​អ្វី​ដែល​ជា​ភាព​ពិត ច្បាស់លាស់ សុក្រិតភាព ​​ហើយ​កុំ​សរសេរ​ខ្លួន​ឯង និង​កុំ​បង្ហោះ​ខ្លួន​ឯង ទុក​ឱ្យ​​​ក្រុម​អ្នក​សាស្ត្រាចារ្យ និង​អ្នកជំនាញ​អប់រំ ​អ្នក​បង្ហោះ​​ពី​ឧកញ៉ា​វិញ ​​នោះ​ទើប​មាន​តម្លៃ ​​ស័ក្តិ​សម​នឹង​គោរមងារ​ដ៏​ខ្ពង់ខ្ពស់​នេះ។

លោក ម៉ិច សីហា ​​បាន​បន្ថែម​ថា ​​បើ​លោក​ឧកញ៉ាៗ​ចង់​ចែក​រំលែក​ទ្រឹស្តី​ពិត​ប្រាកដ​មែន ត្រូវ​តែ​ធ្វើ​ជា​លក្ខណៈ​ផ្លូវការ​តែម្តង។ ឧទាហរណ៍​ថា បើ​ឧកញ៉ា​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង អាច​បើ​សាលា ឬ​វិទ្យាស្ថាន​មួយ​នៅ​ទីនោះ ​​និង​មាន​ការ​សិក្សា​ ស្រាវ​ជ្រាវ​ច្បាស់​លាស់​ហើយ ទើប​អាច​យក​ទ្រឹស្តីនោះ​ មក​ប្រើប្រាស់​បាន។

“ត្រូវចាំថា បើ​មនុស្ស​សាមញ្ញ ប្រើ​ទ្រឹស្តីមួយ​ខុស គឺ​មិន​សូវ​ប៉ះពាល់​ខ្លាំង​ទេ ​​ប៉ុន្តែ​បើ​ឧកញ៉ា​ ប្រើ​ទ្រឹស្តីឬ​សរសេរ​ទ្រឹស្តី​ចេញ​មក​ហើយ គេ​យក​ទៅ​អនុវត្ត​ត្រូវ​ ជោគជ័យ​មិន​អី​​នោះ​ទេ តែ​បើ​បរាជ័យ​វិញ​នោះ ពិត​ជា​រឿង​មិន​​សមរម្យ​​នោះ​ទេ ​សម្រាប់​គោរមងារ​ឧកញ៉ា។ នេះ​មិនមែនជា​ការ​បិទ​សិទ្ធិ​បញ្ចេញ​មតិ​នោះ​ទេ តែ​​​ជា​រឿង​វិជ្ជាជីវៈ​បច្ចេកទេស នៅ​ពេល​ដែល​យើង​មាន​ភាគ​ជោគជ័យ​​ក្នុង​ជំនួញ រហូត​ដល់​យើង​ជួយ​ជាតិ និង​មាន​គោរមងារ​ឧកញ៉ា​ហើយ ​​បើ​យើង​ប្រើ​ទ្រឹស្តី​ខុស គឺអាច​នាំ​ឱ្យ​មាន​រឿង​ធំ​សម្រាប់​ខ្លួន​ឯង និង​ដល់​អ្នក​ដទៃ​ទៀត ព្រោះ​គេ​គិត​ថា​​យើង​និយាយ​អ្វី​ក៏​ត្រូវ​ដែរ​ពេល​ហ្នឹង ដូច្នេះ​គេ​នឹង​យក​ទៅ​អនុវត្ត​តាម”។ លោក ម៉ិច សីហា បានបញ្ជាក់បន្ត។

លោក ម៉ិច សីហា ​​បាន​ផ្តល់​ជា​​គំនិត​ផ្ទាល់​ខ្លួន​​បន្ថែម​ថា ​​​ក្នុង​មួយ​ជីវិត​របស់​មនុស្ស​បង្ហាញ​តែ​ម្តង ខ្លីខ្លឹមខ្លាំង ​ហើយរកស៊ី​ឱ្យ​ជោគជ័យ កសាង​វិទ្យាស្ថាន​នៅ​ស្រុក​ភូមិ​កំណើត​របស់​ខ្លួន​ឯង ដែល​បាន​កើត​នៅ​ទីនោះ ចាំ​ពេល​ជោគជ័យ​ខ្លាំង​វ័យ​ចាស់​​ទៅ​មុខ​បន្តិច​ ថត​តែ​មួយ​រឿង នោះ​ហើយ​ជា​ខ្លឹមសារ​ប្រវត្តិសាស្ត្រ​នៃ​ភាព​ជោគជ័យ ​ពុំ​ចាំបាច់​វែង​ឆ្ងាយ​ច្រើន​ពេក​នោះ​ទេ៕​