អ្នកឧកញ៉ា គិត ម៉េង ចុះកិច្ចព្រមព្រៀងត្រៀមសាងសង់ព្រលានយន្តហោះនៅកោះរ៉ុង តម្លៃ៣០០លានដុល្លារ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ២០២៣​នេះ ​​​​បាន​​​អញ្ជើញ​ចូល​រួម​ពិធី​ចុះ​ហត្ថលេខា​ជាមួយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល ​​លើ​អនុស្សរណៈ​នៃ​កិច្ច​ព្រមព្រៀង និង​ទទួល​ស្គាល់​ផែនការ​មេ (Acceptance of Master Plan) លើ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​អេកូទេសចរណ៍​កោះរ៉ុង ​​​តម្លៃ​ប្រមាណ ៣០០​លាន​ដុល្លារ នៅ​លើ​តំបន់​អភិវឌ្ឍន៍​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខានេះ ​​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ Cambodiana រាជធានីភ្នំពេញ ក្រោម​អធិបតីភាព​លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល និង​មាន​ការ​ចូល​រួម​ពី​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ព្រម​ទាំង​មន្ត្រី​ជា​ច្រើន​រូបទៀត។

យោង​តាម​កិច្ចព្រមព្រៀង គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​កោះរ៉ុង លំដាប់ 4C ​​នៅ​លើ​តំបន់​អភិវឌ្ឍន៍​កោះរ៉ុង​នេះ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ត្រូវ​បញ្ចប់​ការ​សាងសង់​ក្នុង​រយៈពេល ៥ឆ្នាំ។

សូម​ជម្រាប​ជូន​ថា កោះរ៉ុង មានផ្ទៃក្រឡាប្រមាណ ៧៨គីឡូម៉ែត្រក្រឡា ជាកោះធម្មជាតិដែលមានទំហំ​ធំ​ជាងគេ​លំដាប់ទីពីរនៅក្នុងប្រទេសកម្ពុជា មានចម្ងាយប្រហែល២៥គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។

កោះរ៉ុង ត្រូវបានរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសម្បទានទៅឱ្យយក្រុមហ៊ុនឯកជនក្នុងស្រុក សហការជាមួយក្រុមហ៊ុន​បរទេសធ្វើការវិនិយោគ កាលពីឆ្នាំ២០០៨ គឺក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គាឡាក់ស៊ី គ្រុប របស់ចិន ដោយប្រើប្រាស់ទុនចំនួន ២ ពាន់លានយ័ន ឬ ប្រមាណជាង ២៨៥ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយ៥ និងរមណីយដ្ឋាននៅ​លើកោះរ៉ុង ក្នុងខេត្ត​ព្រះសីហនុ។ នៅក្នុងគម្រោងអភិវឌ្ឍកោះរ៉ុង ក្រុមហ៊ុនក៏គ្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ កាស៊ីណូ និងសណ្ឋាគារព្រមទាំងរោងចក្រផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យនិងអនុភាព 3MW ផងដែរ៕