សហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងនាំចេញអង្ករសបាយទន់១ពាន់តោនទៅទីផ្សារហ្វីលីពីន

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា នៅពេលខាងមុខនេះគ្រោងនាំចេញប្រភេទអង្ករសបាយទន់ប្រមាណ១ពាន់តោនសាកល្បងទៅទីផ្សារប្រទេសហ្វីលីពីន ដើម្បីបង្កើតទំនាក់ទំនងថ្មីក្នុងក្របខណ្ឌប្រទេសសមាជិកអាស៊ានដូចគ្នា បន្ទាប់ពីធ្វើទស្សនកិច្ចសិក្សាទីផ្សារអង្ករនៅប្រទេសហ្វីលីពីននៅថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈកន្លងមកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាមានប្រសាសន៍ថា ទីផ្សារប្រទេសហ្វីលីពីនេះនាំចូលប្រភេទអង្ករក្រអូបនេះមានតម្លៃខ្ពស់នេះមានចំនួនតិចបំផុត ដែលភាគច្រើនគាត់ប្រើប្រាស់ប្រភេទអង្ករសធម្មតា និងមានតម្លៃមធ្យមសម្រាប់ប្រជពលរដ្ឋទូទៅរបស់គាត់។

លោកឧកញ៉ាសង្កត់ធ្ងន់ថា«យើងមានក្តីសង្ឃឹមខ្ពស់ ឱ្យមានការរៀបចំឱ្យមានការឯកភាពគ្នាទៅលើការលក់និងទិញអង្ករកម្ពុជា ហើយនាំចេញនាំចូលទៅប្រទេសហ្វីលីពីននៅក្នុងពេលឆាប់ៗខាងមុខនេះ។ តាមអ្វីដែលខ្ញុំរំពឹងទុកយើងនឹងមានការនាំចេញអង្ករសបាយទន់ចំនួន១ពាន់តោននាពេលខាងមុខឆាប់ៗនេះ ហើយយើងកំពុងតែរងចំាមើលការចរចារជាមួយគ្នាបន្ថែមទៀត។ចំពោះការនំាចំចេញអង្ករសបាយទន់នេះគឺជាការសាកល្បងនំាចូលទៅប្រទេសហ្វីលីពីនតែប៉ុណ្ណោះ ដើម្បីពិនិត្យមើលទំាងទៅលើគុណភាព នីតិវិធីនាំចេញនាំចូលក៏ដូចជាការបង្កើតទំនាក់ទំនងថ្មីក្នុងក្របខណ្ឌអាស៊ាននៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន»។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា

លោកឧកញ៉ា ចាន់ សុឃាំង លើកឡើងថា ក្នុងដំណើរទស្សនៈកិច្ចសិក្សាទីផ្សារអង្ករនៅប្រទេសហ្វីលីពីនកន្លងទៅយើងបានជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មខាងហ្វីលីពីនដើម្បីពិភាក្សាការងារទូទៅ និងស្វែងយល់អំពីទីផ្សារអង្ករនៅក្នុងប្រទេសហ្វីលីពីន ហើយបន្ទាប់មកយើងក៏បានជួបជាមួយវិស័យឯកជនចំនួន៤ក្រុមដាច់ពីគ្នា ដើម្បីស្វែងយល់អំពីទិដ្ឋភាពរួមនិងភាពជាក់ស្តែងនៅលើទីផ្សារក៏ដូចជាលទ្ធភាពដែលយើងអាចចូលទៅក្នុងទីផ្សារប្រទេសហ្វីលីពីនេះបាន ពិសេសទៅលើប្រភេទអង្ករ ទៅលើតម្លៃនិងលក្ខណ្ឌផ្សេងៗទៀត។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាកាលថ្មីៗនេះបានធ្វើដំណើរទស្សនកិច្ចសិក្សាទីផ្សារអង្ករនៅប្រទេសហ្វីលីពីន នៅថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំនៅក្នុងដំណើរទស្សនកិច្ចសិក្សារទីផ្សារនេះ ប្រតិភូកម្ពុជាបានជួបជាមួយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រទេសហ្វីលីពីន និងភាគីពាក់ព័ន្ធលើការនាំចូលអង្ករ។ ភាគីប្រទេសហ្វីលីពីន មានការចាប់អារម្មណ៍ទៅលើគុណភាពអង្ករកម្ពុជាយ៉ាងខ្លាំង ដែលភាគីប្រទេសហ្វីលីពីនបានគូសបញ្ជាក់ថា ការនាំចូលអង្កររបស់ប្រទេសហ្វីលីពីន គឺមានការប្រែប្រួលដោយមិនតម្រូវឱ្យនាំចូលតាមរយៈក្រុមហ៊ុនរដ្ឋដូចពីមុននោះទគឺវិស័យឯកជន និងឯកជនធ្វើកិច្ចសន្យាពាណិជ្ជកម្មដោយផ្ទាល់តែម្ដងទៅតាមបរិមាណ គុណភាព និងតម្លៃដែលបានឯកភាពរវាងភាគីទាំងពីរ។ 

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា ប្រទេសហ្វីលីពីនជាប្រទេសផលិតស្រូវ ហើយក៏ជាប្រទេសនាំចូលអង្ករដ៏ធំមួយនៅក្នុងតំបន់អាស៊ីផងដែរ ដែលជាក់ស្ដែងក្នុងឆ្នាំ២០២២ កន្លងទៅប្រទេសហ្វីលីពីនបាននាំចូលអង្ករចំនួន ៣.៨២លានតោន ពីប្រទេសនានា ដែលប្រភេទអង្ករភាគច្រើនបំផុតជាប្រភេទអង្ករសធម្មតា៕ អត្ថបទ៖សារេត

54 Shares