ឧកញ៉ាបណ្ឌិត គីម ហ៊ាង សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីមហ៊ាង ប្រធានស្ថាបនិកក្រុមហ៊ុន KW Cambodia ទូទាំងប្រទេស និងលោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកាបុរី វិមានសំណាង ព្រមទាំងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមសំដែងនូវការអបអរ​សាទរ​ដ៏ស្មោះអស់ពីដួងចិត្ត និងគោរពជូនពរដល់​​ ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ដែលត្រូវបាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រកម្ពុជា​ សព្វព្រះរាជហឫទ័យ​ត្រាស់បង្គាប់​ដំឡើងឋានន្តរស័ក្តិជា​ «នាយឧត្តមសេនីយ៍»​ នៃកងយោធពល​ខេមរ​ភូមិន្ទ នា​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០២៣​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា គីម ហ៊ាង និង​លោកជំទាវ សូមសម្តែងការកោតសរសើរ និងអរគុណចំពោះ កិច្ចខិតខំប្រឹងប្រែង​របស់ ឯកឧត្តមបណ្ឌិត ក្នុងការការពារនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នាពេល​កន្លង​មក បច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត។ ការដំឡើង ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» នេះគឺពិត​ជា​ស័ក្តិសមនឹង សមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមបណ្ឌិត ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍ​ជាតិកម្ពុជា ឱ្យកាន់តែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយ។ លោកឧកញ៉ា និង​លោកជំទាវ ក៏​សូមបង្ហាញ​ជំហរ​គាំទ្រឯកឧត្ត​មបណ្ឌិត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគតផងដែរ។

​នាឱកាសដ៏នក្ខត្តឫក្ស ប្រកបដោយក្ដីសោមនស្សរីករាយនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ ឯកឧត្តមបណ្ឌិត សូមមាន​សុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ទទួលបាននូវជោគជ័យថ្មីៗ​ថែមទៀតក្នុងការបន្តដឹកនាំ​មាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោស​ប្រទាន​ពរជ័យជូន ឯកឧត្តមបណ្ឌិត និង​លោកជំទាវ​ ព្រមទាំង​ក្រុម​គ្រួសារ​ សូមបានសមប្រកបដោយពុទ្ធពរ និងពរ​ទាំង​ប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕