ក្រសួងកសិកម្ម៖ នាងអំ ជាពូជស្រូវបុរាណ កំពុងមានទីផ្សារល្អ និងងាយស្រួលថែទាំ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និនេសាទ បានឱ្យដឹងថា ស្រូវនាងអំ កំពុងក្លាយពូជស្រូវមួយប្រភេទ ដែលមានទីផ្សារល្អ និងងាយស្រួលថែទាំ ព្រមទាំងទទួលបានទិន្នផលខ្ពស់ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម នៅថ្ងៃទី២៣ ខែមីនា បានឱ្យដឹងថា ស្រូវនាងអំ ជាពូជបុរាណដែលទំនងកើតពីមួរដែលដុះក្រោយពីប្រមូលផលស្រូវចម្ការរួច បានប្រមូលទុកពូជដោយ លោកយាយម្នាក់ឈ្មោះ អំ នៅកំឡុងទសវត្សទី៨០ ក្នុងខេត្តក្រចេះ។ ជាមួយគ្នានេះ អង្ករនាងអំ មានខ្លិនក្រអូបប្រហើរ និងមានរស់ជាតិឆ្ងាញ់ក្រអួន ហើយមានទម្ងន់ធ្ងន់ជាងអង្ករនានា។

ស្រូវនាងអំ

ក្រសួងបន្តថា បើយោងតាមសម្តីលោកស្រី ឈឺន សុភាសី ម្ចាស់ហាងអង្ករស្រីមុំ៩៩ (Srey Mom99) កំពុងដាំដុះផ្ទាល់លើផ្ទៃដីជាង ២០០ហិកតា បានឱ្យដឹងថា ពូជស្រូវនេះអាចធ្វើបានតែម្តងគត់ក្នុងមួយឆ្នាំនៅរដូវវស្សា ហើយប្រមូលផលនៅចន្លោះពាក់កណ្តាលខែវិច្ឆិកា។

ក្រោយពីបានផ្សព្វផ្សាយនិងចែកចាយពូជនាងអំ អំឡុង១០ឆ្នាំក្រោយពីបានរកឃើញពូជនេះ ស្រូវនាងអំត្រូវបានដាំដុះដោយកសិករក្នុងខេត្ត និងបានចែកចាយទៅខេត្តដទៃទៀតផងដែរ។ ស្រូវនាងអំនេះក៏ត្រូវបានយកចិត្តទុកដាក់ដោយរដ្ឋាភិបាលផងដែរ និងនាំយកទៅពិសោធន៍និងបន្សុទ្ធពូជដោយស្ថានីយ៍ពិសោធន៍កសិកម្មព្រៃផ្តៅ នៃអគ្គនាយកដ្ឋានកសិកម្មនៅឆ្នាំ២០១៩ (របាយការណ៍សកម្មភាពអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩)។ លើសពីនេះ ពូជស្រូវនាងអំ ត្រូវបានណែនាំឱ្យដាំដុះដោយ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួញស្រូវអង្ករល្បីឈ្មោះម្នាក់នៅកម្ពុជា ថាជាពូជស្រូវប្រណិត កំពុងមានទីផ្សារល្អ ងាយស្រួលថែទាំ និងទទួលបានទិន្នផលខ្ពស់។

ស្រូវនាងអំ

បច្ចុប្បន្នស្រូវនាងអំ ត្រូវបានធ្វើការដាំដុះច្រើននៅក្នុងខេត្តព្រះវិហារ កសិករបានធ្វើកសិកម្មតាមកិច្ចសន្យាដោយផលិតស្រូវសរីរាង្គស្រូវស (ស្រូវនាងអំ និងនាងអុក) ផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនចំនួន ០៣ គឺក្រុមហ៊ុន អេម រុរ៉ាយិ៍ (AMRU RICE) ក្រុមហ៊ុនស៊ិកនេឈ័រអហ្វអេស៊ា (SIGNATURE OF ASIA) និងក្រុមហ៊ុនហ្គោលឌិនរ៉ាយ (GOLDEN RICE) សរុបចំនួន ៦,៧៥៣,១៩០គីឡូក្រាម ក្នុងតម្លៃស្រូវសើមចន្លោះពី ៩៦០រៀល ទៅ ១១០០រៀល ក្នុងមួយគីឡូក្រាម (CEN, 2021)។នេះបើតាមការបញ្ជាក់បន្ថែមពី ក្រសួងកសិកម្ម៕