ធនាគារពិភពលោក៖ ការគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់កម្ពុជា ឈានដល់កម្រិតស្តង់ដារអន្តរជាតិ

សង្គម​និង​សេដ្ឋកិច្ច

គណៈប្រតិភូធនាគារពិភពលោក បានបង្ហាញការកោតសរសើរថា ការគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជានាពេលបច្ចុប្បន្នបានឈានដល់កម្រិតស្តង់ដារអន្តរជាតិហើយ។ នេះបើយោងតាមជំនួបពិភាក្សាជាមួយលោក ជាន់ ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តំណាងឱ្យគណៈប្រតិភូធនាគារពិភពលោក ទទួលបន្ទុកកម្មវិធីសហប្រតិបត្តិការជំនួយប្រឹក្សាផ្នែកគ្រប់គ្រងការវិនិយោគ ( RAMP Program) លោក Heung Sik Choo ទីប្រឹក្សាជាន់ខ្ពស់ផ្នែកវិនិយោគរបស់ធនាគារពិភពលោក បានលើកឡើង អំពីការរីកចម្រើនផ្នែកគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជា និងបានកោតសរសើរថាការគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជានាពេលបច្ចុប្បន្នបានឈានដល់កម្រិតស្តង់ដារអន្តរជាតិ ខណៈមន្រ្តីទទួលបន្ទុកសុទ្ធសឹងមានសមត្ថភាព និងគុណវុឌ្ឍិជំនាញខ្ពស់។

បន្ថែមលើនេះ គណៈប្រតិភូធនាគារពិភពលោក បានលើកសរសើរធនាគារជាតិនៃកម្ពុជាថា ប្រតិបត្តិការវិនិយោគត្រូវបានបំពាក់នូវប្រព័ន្ធគ្រប់គ្រងការវិនិយោគទំនើប និងមានសុវត្ថិភាពខ្ពស់សម្រាប់បម្រើឱ្យប្រតិបត្តិការជួញដូរ គ្រប់គ្រងហានិភ័យ ការទូទាត់ និងចុះកិច្ចបញ្ជិកា ដែលបានបង្ហាញថា​ ធនាគារជាតិនៃកម្ពុជាមានបទពិសោធន៍ និងជំនាញផ្នែកវិនិយោគខ្ពស់នៅក្នុងចំណោមធនាគារកណ្តាលទាំង៧០ដែលជាសមាជិករបស់កម្មវិធី RAMPថែមទៀត ។

ជុំវិញការលើកឡើងខាងលើ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញការសាទរ និងពេញចិត្តចំពោះការជួយជ្រោមជ្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធ របស់ក្រុមការងារជំនាញធនាគារពិភពលោកដែលបានផ្តល់ដល់ធនាគារជាតិនៃកម្ពុជាក្នុងរយៈពេល១៥ ឆ្នាំកន្លងមកនេះ។ លោក ក៏បង្ហាញក្តីជឿជាក់ថា ធនាគារពិភពលោក នឹងបន្តសហការជួយជ្រោមជ្រែងធនាគារជាតិនៃកម្ពុជាបន្ថែមទៀត ដើម្បីឱ្យការគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជាកាន់តែមានការរីកចម្រើន និងជឿនលឿន។

ជាមួយគ្នានេះ លោកថា កិច្ចប្រជុំក៏បានពិភាក្សាផងដែរ អំពីបញ្ហាប្រឈមសម្រាប់ការវិនិយោគនៅក្នុងស្ថានភាពដែលទីផ្សារហិរញ្ញវត្ថុបច្ចុប្បន្នប្រឈមនឹងភាពច្របូកច្របល់ និងយុទ្ធសាស្រ្តមួយចំនួនដើម្បីធានាបានការគ្រប់គ្រងការវិនិយោគទុនបម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព និងរក្សាបានភាពធន់នៃទុនបម្រុងអន្តរជាតិ។

គួរបញ្ជាក់ដែរថា កម្មវិធី RAMP របស់ធនាគារពិភពលោក គឺជាកម្មវិធីបណ្តុះបណ្តាលផ្នែកធនធានមនុស្ស ជាពិសេសផ្នែកគ្រប់គ្រងទុនបម្រុងអន្តរជាតិ ហើយធនាគារជាតិនៃកម្ពុជាបានចូលជាសមាជិករបស់កម្មវិធី RAMP ចាប់ពីឆ្នាំ២០០៨មក៕ អត្ថបទ៖​ពិសី