អបអរសាទរ! បង្កងខេត្តតាកែវ មានសមាគមអាជីវករសម្គាល់ភូមិសាស្ត្រទំនិញគ្រប់គ្រងស្តង់ដារហើយ

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងមហាសនិ្នបាតកំណើតដំបូងរបស់សមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ ដែលរៀបចំដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធថ្ងៃទី២៧ មីនាឆ្នាំ២០២៣ គណៈកម្មការជំនាញ និងបងប្អូនអាជីវករ បានបោះឆ្នោតរៀបចំរចនាសម្ព័ន្ធ សមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ ជាលើកដំបូងដោយជោគជ័យ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីនេះមានអញ្ចើញចូលរួមជាកិត្តិយសពី លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធបញ្ញា, លោក អ៊ួច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ, លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក មាង សាវឿន អ្នកជំនាញម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ លទ្ធផលស្មារតីនៃមហាសនិ្នបាតកំណើតដំបូងរបស់សមាគម បានបោះឆ្នោតជូន លោក សាប់ សារុន ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង និងត្រី តាមបែបធម្មជាតិ ស្ថិតនៅឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ជាប់ជាប្រធានសមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវជាផ្លូវការ។

លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម

លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធបញ្ញាបានឱ្យដឹងថា៖ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញវាផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង តួយ៉ាងដូចជាម្រេចកំពតធ្វើឱ្យម្រេចកំពតមានកេរ្តិ៍ល្បីល្បាញទូទាំងពិភពលោក ហើយក្នុងករណីសិក្សា និងនៅក្នុងប្រជុំនានាជាមួយ និងបរទេស គេតែងតែលើកឡើងពីកម្ពុជាទៅជាករណីបទពិសោធន៍ដ៏ល្អក្នុងការបណ្តុះបណ្តាលក្នុងកិច្ចប្រជុំ។

លោក សួន វិជ្ជា មានប្រសាសន៍ថា៖ «កាលពីដើមឡើយ ការផលិតបង្កងតាកែវ នៅមានការរាយប៉ាយ ហើយការផលិតមិនគ្រប់គ្រាន់ និងមិនបំពេញទៅតាមស្តង់ដារដែលធ្វើឱ្យអ្នកប្រើប្រាស់ អតិថិជនដែលចង់បរិភោគបង្កងតាកែវមិនជឿទុកចិត្ត។ ប៉ុន្តែក្រោយពីការបង្កើតម៉ាកសម្គាល់ភូមិសាស្ត្រនេះហើយ វានឹងជួយបង្កើនជំនឿទុកចិត្តដល់អតិថជនចង់មកទិញបង្កងតាកែវ ឬចង់មកខេត្តតាកែវ។ អត្ថប្រយោជន៍ តាមរយៈការបង្កើតសមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវនៅថ្ងៃនេះ គឺជាព្រិត្តិការណ៍មួយដ៏សំខាន់របស់ខេត្តតាកែវ។ បង្កងតាកែវ នឹងក្លាយជាម៉ាកមួយដែលល្បីដូចក្រូចថ្លុងកោះទ្រង់ ដែលគេស្គាល់ជាទូទៅអុីចឹង ហើយក៏នឹងក្លាយជាគោលដៅទេសចរណ៍ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋថែមទៀតផង»។

លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជ

លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជមានប្រសាសន៍ថា កម្មសិទ្ធបញ្ញាមិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ទៅលើវិស័យជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែមានសារសំខាន់ខ្លាំងផងដែរ ក្នុងការលើកកម្ពស់ផលិតផលកម្ពុជាតាមរយៈការកសាងកេរ្តិ៍ឈ្មោះម៉ាក ការកែច្នៃ ការវេចខ្ចប់ ការធ្វើទីផ្សារ ការគ្រប់គ្រងនិងការទប់ស្កាត់ពីការក្លែងបន្លំ ដោយក្នុងនោះ ក្រសួងពាណិជ្ជកម្មបង្កងតាកែវជាផលិតផលសក្តានុពលសម្រាប់ចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង គុណភាពបង្កងរបស់កម្ពុជានៅលើទីផ្សារជាតិនិងអន្តរជាតិ សម្រាប់បញ្ជាក់អំពីអត្តសញ្ញាណនៃប្រភពដើមផលិតកម្ម បំពាក់លើផលិតផលបានដាក់លក់លើទីផ្សារ។

លោកជំទាវសង្កត់ធ្ងន់ថា៖ «ការណ៍នេះមិនត្រឹមតែផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងទីផ្សារ បង្កងតាកែវនៅខាងក្រៅប្រទេសនោះទេប៉ុន្តែ ម៉ាកនេះនឹងក្លាយជាកម្លាំងស្នូល ទាញទេសចរបរទេសឱ្យមកធ្វើទស្សនៈកិច្ចនៅក្នុងតំបន់ផលិតកម្ម ដែលជាឱកាសសម្រាប់សហគមន៍កសិកម្ម ឬយុវជន អាចបង្កើនប្រភពចំណូលបន្ថែមក្នុងការរៀបចំកញ្ចប់សេវាអេកូទេសចរណ៍ជូនដល់ភ្ញៀវដែលមកកម្សាន្តនៅក្នុងតំបន់របស់សហគមន៍»។ 

ក្រោយទទួលសេចក្ដីទុកចិត្ត បោះឆ្នោតគាំទ្រជាប់ជាប្រធានសមាគម លោក សាប់ សារុន ប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីចូលរួមដឹកនាំ និងជំរុញទីផ្សារបង្កងទឹកសាបនៅខេត្តតាកែវឱ្យកាន់តែល្បីរន្ទឺសាយសុស៕  អត្ថបទ៖ សារេត

លោក សាប់ សារុន (រូបកាន់មេក្រូហ្វូន) ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង និងត្រី តាមបែបធម្មជាតិ នៅខេត្តតាកែវ