គណៈរដ្ឋមន្ត្រីអនុម័តសំណើរគម្រោងវិនិយោគវិស័យថាមពលចំនួន ៥ រំពឹងទទួលចំណូលពន្ធសរុប ៣២២ ៨៨០ ៣៨២ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៣១ ខែមីនានេះ សម្រេចអនុម័តទាំងស្រុង«សំណើសុំពិនិត្យសម្រេចលើគម្រោងវិនិយោគវិស័យថាមពលចំនួន ៥គម្រោង» គឺ គម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល និងវារីអគ្គិសនីស្ទឹងវាយថ្មកំបុតផ្គួបគ្នា ១គម្រោង និងគម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ ៤គម្រោង (នៅខេត្តពោធិ៍សាត់ ១គម្រោង ខេត្តកំពង់ឆ្នាំង ១គម្រោង ខេត្តស្វាយរៀង ១គម្រោង និងខេត្តព្រៃវែង ១គម្រោង)»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានឲ្យដឹងថា គម្រោងវិនិយោគក្នុងវិស័យអគ្គិសនីថ្មីចំនួន ៥គម្រោងបន្ថែមទៀតគឺ៖(១)គម្រោងវារីអគ្គិសនី ស្ទឹងឬស្សីជ្រុំកណ្ដាលទំហំ ៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ផ្គួបបញ្ចូលគ្នា (២)គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ទំហំ១៥០មេហ្គាវ៉ាត់ (៣)គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំង ទំហំ ៦០មេហ្កាវ៉ាត់ (៤)គម្រោងស្ថានីយ អគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តស្វាយរៀង ទំហំ ៦០មេហ្កាវ៉ាត់ (៥)គម្រោងស្ថានីយអគ្គិសនីពន្លឺ ព្រះអាទិត្យ នៅខេត្តព្រៃវែង ទំហំ ៨០មេហ្កាវ៉ាត់។

ខ្លឹមសារសង្ខេបលើសំណើរសុំពិនិត្យសម្រេចលើគម្រោងក្នុងវិស័យថាមពលនេះ ដើម្បីធានានិរន្តភាពនៃការរៀបចំអភិវឌ្ឍគម្រោង វិស័យថាមពលអគ្គិសនីបន្តទៀត ទៅតាមពេលវេលាដែលបានគ្រោងក្នុងផែនការមេ ធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលមានគ្រប់គ្រាន់។

បើតាមលោក ផៃ ស៊ីផាន ផលប្រយោជន៍នៃការអភិវឌ្ឍគម្រោងទាំង ៥ នឹងទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូនច្រើន និងធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ និងផ្ដល់បន្ថែមប្រភពអគ្គិសនីដោះស្រាយបង្គប់កង្វះខាត។

ជាមួយគ្នានោះ ក៏ធានាបានអត្រាថ្លៃប្រភពអគ្គិសនីមួយ ដែលថេរ ២០ឆ្នាំ សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ និង ៤០ឆ្នាំសម្រាប់គម្រោងវារីអគ្គិសនី និងនាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋ ទាំងក្នុងពេលសាងសង់ និងដំណើរការ។

បើយោងលើមូលដ្ឋាននៃច្បាប់ស្តីពីសារពើពន្ធដែលមានជាធរមាន រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធសរុបប្រមាណ ៣២២ ៨៨០ ៣៨២ដុល្លារអាមេរិកក្នុងរយ:ពេលអាជីវកម្មនៃគម្រោងទាំង ៥ ដោយមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀត ដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលនានា និងពន្ធដោយប្រយោលដ៏ទៃទៀត ព្រមទាំងពន្ធដ៏ទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់នៅឡើយ៕