ថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង សម្ពោធជាផ្លូវការសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ  

សង្គម​និង​សេដ្ឋកិច្ច

សណ្ឋា​គារលំដាប់​​ផ្កាយ​៤ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ  បាន​​បើក​សម្ពោធជា​ផ្លូវការ​នៅអគារ ជីប ម៉ុង ថៅវើ កម្ពស់ ៤៥ ជាន់ កាលពី​​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់ឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ្រ ចន្ទមុន្នី ព្រមទាំងពីសំណាក់ ឯកឧត្តម លោកជំទាវ ឯកអង្គរដ្ឋទូត និងឯកអង្គរាជទូត អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយស សរុបជាង ៧០០នាក់ ទៀត។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាថ្ងៃកម្មវិធីដ៏​នក្ខត្តប្ញក្សនេះផង​ដែរ អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា៖ “ខ្ញុំបាទមានជំនឿចិត្តយ៉ាងមុតមាំថា សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ នឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីមកទឹកដីកម្ពុជា​ ហើយសណ្ឋាគារដ៏ថ្មីស្រឡាងមួយនេះ បានត្រៀមរួចជាស្រេច ដើម្បីផ្តល់ជូននូវបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ​សម្រាប់ភ្ញៀវទេសចរជាច្រើនពាន់នាក់នៅក្នុង ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នាពេលខាងមុខ ដែលនេះជាប្រយោជន៍ដ៏សំខាន់ក្នុងការចូលរួមបង្កើននិរន្តរភាពក្នុងវិស័យទេសចរណ៍ ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ។”

អ្នកឧកញ៉ា ក៏បានបន្ថែមទៀតថា ការនាំយកសណ្ឋាគារលំដាប់ពិភពលោកមួយនេះមកកម្ពុជា ដោយក្រុមហ៊ុនមាន ចក្ខុវិស័យវែងឆ្ងាយ និងឈរលើបន្ទាត់ស្របជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញសក្ដានុពលវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។

លោក  Jakob Helgen អនុប្រធានប្រចាំតំបន់ នៅប្រទេសថៃ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា បានបញ្ជាក់ថា៖ “ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយនិងមានទំនុកចិត្តយ៉ាងខ្លាំង ក្នុងការសហការជាមួយក្រុមហ៊ុន ជីប ម៉ុង នាំយកយីហោ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត មកកម្ពុជា ហើយ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ គឺជាសណ្ឋាគារដែលមានរចនាបថដ៏ប្រណិត និងស៊ីវិល័យតាមស្ដង់ដាអន្ដរជាតិ ដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់។”

មានប្រសាសន៍ ក្នុងពិធីសម្ពោធសណ្ឋាគារ Fairfield by Marriott Phnom Penh នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក-និយោជិតទាំងអស់នៃក្រុមហ៊ុន ជីប ម៉ុង ចំពោះការសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ Fairfield by Marriott Phnom Penh ដែលជាសណ្ឋាគារលំដាប់អន្តរជាតិដ៏ទំនើបប្រកបដោយសេវាកម្មសម្បូណ៌បែប ហើយអគារ Chip Mong Tower ក៏បានក្លាយទៅជានិមិត្តរូបដ៏លេចធ្លោ និងជាអត្តសញ្ញាណមួយថ្មីរបស់រាជធានីភ្នំពេញ។ 

ឯកឧត្តមបណ្ឌិត ថ្លែងថា៖“ស្របពេលដែលរាជរដ្ឋាភិបាលកំពុងចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពចម្បង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងពេលបច្ចុប្បន្ន និងអនាគត, វត្តមានរបស់សណ្ឋាគារ Fairfield by Marriott Phnom Penh លំដាប់អន្តរជាតិមួយនេះ គឺអាចនឹងចូលរួមពង្រឹងធនធានមនុស្សកម្ពុជា តាមរយៈការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, ការបណ្តុះបណ្តាលជំនាញថ្មី (Re-skilling) និងការបង្កើនចំណេះដឹងបន្ថែម (Upskilling) ដល់បុគ្គលិក-និយោជិតរបស់ខ្លួន តាមរយៈការផ្តល់ការគាំទ្រដល់សិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ឬវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនានានៅកម្ពុជា ឱ្យទទួលបាននូវឱកាសការងារ ឬឱកាសចុះកម្មសិក្សា ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ជាលក្ខណៈស្តង់ដារអន្តរជាតិ។”

នាកិច្ចបញ្ចប់កម្មវិធីនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងភ្ញៀវដែលចូលរួម បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការដើរទស្សនកិច្ចបរិវេណសណ្ឋាគារ ដែលភ្ជាប់ទៅដោយផ្ទាំងទេសភាព និងសោភ័ណភាពនៃទីក្រុងទាំងមូល នៅជាន់អាងទឹកលើអាកាស របស់ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។

គួរបញ្ជាក់ផងដែរថា សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ មានភ្ជាប់ទៅដោយ ៣០០​ បន្ទប់គេង អាងទឹកលើអាកាស សាលប្រជុំដ៏ប្រណីត ភោជនីយដ្ឋាន ស្កាយបារដ៏ទំនើប ដែលគ្របដណ្ដប់ ១៩ ជាន់ខាងលើនៃ អគារ ជីប ម៉ុង ថៅវើ មានកម្ពស់ ៤៥ ជាន់ ដែលជាអគារពាណិជ្ជកម្មចម្រុះស្ដង់ដារអន្តរជាតិ ស្ថិតនៅចំកណ្ដាលរាជធានី៕