កម្ពុជាត្រៀមបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនចំនួន៥ទីតំាងនៅប្រទេសចិន

សង្គម​និង​សេដ្ឋកិច្ច

ដើម្បីចូលរួមលើកកម្ពស់និងជំរុញការផ្សព្វផ្សាយនិងលក់ផលិតផលខ្មែរឱ្យបានកាន់តែច្រើននៅទីផ្សារប្រទេសចិន កម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មបាននិងកំពុងពិនិត្យលទ្ធភាពបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនចំនួន៥ទីតំាងក្នុងប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្មីៗនេះមានប្រសាស៍ថា ក្រៅពីការជំរុញផលិតកម្មសម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក្រសួងពាណិជ្ជកម្មក៏បានដើរតួយ៉ាងសំខាន់ជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញនៅផលិតកម្មសម្រាប់ការនាំចេញតាមច្រកទីផ្សារដែលបានទទួលនៅការអនុគ្រោះដល់ការនាំចេញនិងបន្តស្វះស្វែងធ្វើពិពិធកម្មសេដ្ឋកិច្ចនិងច្រកទីផ្សារសម្រាប់ធ្វើពាណិជ្ជកម្មដើម្បីបង្កើនល្បឿនសមាហរណកម្មសេដ្ឋកិច្ចកម្ពុជានៅក្នុងតំបន់និងពិភពលោក។

លោកស្រីបន្តថា នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មនិងការធ្វើពិពិធកម្មទីផ្សារក្រសួងបានដាក់ចេញនិងសម្ពោធឱ្យដំណើរនៅមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាហើយថ្មីៗនេះបានបង្កើតនៅប្រទេសជប៉ុនដើម្បីដាក់តំាងបង្ហាញនិងផ្សព្វផ្សាយលក់ផលិតផលខ្មែរជាអចិន្ត្រៃយ៍បន្ថែមទៅលើទីផ្សារចំនួន១០ដែលបានបើកដំណើរការកន្លងមកហើយ។

លោកស្រីគូសបញ្ជាក់ថា «ក្នុងផែនការពង្រីកទីផ្សារសម្រាប់ឆ្នំា២០២៣និង២០២៤នេះក្រសួងពាណិជ្ជកម្មកំពុងពិនិត្យនៅលទ្ធភាពរៀបចំបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនចំនួន៥ទីតំាងថ្មីទៀតស្ថិតនៅប្រទេសចិន ដើម្បីលើកម្ពស់និងផ្សព្វផ្សាយនិងជំរុញការលក់ផលិតផលខ្មែរនៅលើទីផ្សារប្រទេសចិន»។

យោងតាមលោកស្រីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធនិងគោលនយោបាយលើកកម្ពស់វិស័យឯកជន នៅក្នុងទិសដៅពាណិជ្ជកម្មក្រសួងពាណិជ្ជកម្មបានប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្មដែលបានកែប្រែបញ្ហាប្រឈមឱ្យទៅជាឱកាសតាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក រួមទំាងការធ្វើពិពិធកម្មធ្វើឱ្យច្រកទីផ្សារឱ្យកាន់តែទូលាយនៅតាមគ្រប់តំបន់និងទីផ្សារសក្តានុពលផ្សេងៗទៀត។ជាក់ស្តែងក្រសួងបានចូលរួមជំរុញឱ្យមានកំណើននៃការនាំចេញតាមរយៈការប្រើប្រាស់ទីផ្សារអនុគ្រោះពន្ធដែលមានស្រាប់ និងការធ្វើពិពិធកម្មទីផ្សារបន្ថែម ដូចជាការចរចារបង្កើនតំបន់ពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន,កម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់RCEPនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអេមីរ៉ាត់អារ៉ាប់រួមដែលទើបចរចាបញ្ចប់ថ្មីៗនេះ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគីជាមួយដៃគូរពាណិជ្ជកម្មនានាដែលជាកាតាលិករដែលជំរុញឱ្យការធ្វើទីផ្សារទំនិញ សេវាកម្មនិងការវិនិយោគនៅកម្ពុជាកាន់តែទូលំទូលាយ៕ អត្ថបទ៖សារេត