ធនាគារ ADB៖ សេដ្ឋកិច្ចកម្ពុជា នឹងស្ទុះឡើង​​ជំរុញដោយ​ការ​ងើប​​​ឡើង​វិញនៃវិស័យទេសចរណ៍

សង្គម​និង​សេដ្ឋកិច្ច

សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើងក្នុងអត្រា ៥,៥% ក្នុងឆ្នាំ ២០២៣ និង ៦,០% នៅឆ្នាំ ២០២៤ ជំរុញ​ដោយការងើបឡើងវិញ ដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។នេះបើយោងតាមរបាយការណ៍ចេញ ផ្សាយនៅថ្ងៃទី៤មេសានេះរបស់ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថាADB។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយិកាប្រចាំប្រទេសកម្ពុជា របស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា «ទោះបីជាតម្រូវការពិភព​​លោក​ចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អនៅឆ្នាំ ២០២២ ជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍​ដែលកំពុងបន្ត។ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាមានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្ត​ដែល​រួមតូច និងកម្រិតអតិផរណាមធ្យមនៅឆ្នាំ២០២៣»។

ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅកាត់ថា ADO) ខែមេសា ២០២៣ បង្ហាញថា វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងកើនឡើង ៧,៣% ក្នុងឆ្នាំ ២០២៣ មុនពេលថយបន្តិចមកត្រឹម ៦,៨% នៅឆ្នាំ ២០២៤។ សម្ពាធអតិផរណាត្រូវបានរំពឹងថានឹងធ្លាក់ចុះមកអត្រាជាមធ្យម ៣,0% ក្នុងឆ្នាំ ២០២៣ និង ៤,0% នៅឆ្នាំ ២០២៤។ របាយការណ៍នេះរំលេចថាទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក៏ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់​របស់ប្រទេស ក្នុងការបង្កើនការវិនិយោគបៃតង ដើម្បីទទួលបានសក្ដានុពលកំណើនរយៈពេលវែង។

របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីនេះ លើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើងប្រមាណ ៥,២% ក្នុងឆ្នាំ ២០២២ ជាពិសេសដោយសារកំណើនតម្រូវការខាងក្រៅលើផលិតផល និងសេវាកម្មទេសចរណ៍របស់កម្ពុជា ដែល​ជំរុញ​ឡើងវិញនូវតម្រូវការអាហារ និងកន្លែងស្នាក់នៅ និងកំណើនអនុវវិស័យពាណិជ្ជកម្ម ការដឹកជញ្ជូន និងទំនាក់ទំនង ក្នុង​ស្រុក។ ជាមួយនឹងភាពប្រសើរឡើងនៃទំនុកចិត្តក្នុងការធ្វើដំណើរ និងការលុបចោលការរឹតបន្តឹងការធ្វើដំណើរ ការមក​ដល់នៃភ្ញៀវអន្តរជាតិបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងដល់ប្រហែល ២,៣ លាននាក់ក្នុងឆ្នាំ ២០២២ ពីមូលដ្ឋានទាប​ប្រហែល ២00.000 កាលពីឆ្នាំ ២០២១ ។ កំណើននៃវិស័យកសិកម្មបានធ្លាក់ចុះនៅឆ្នាំ ២០២២ ដោយសារតែតម្លៃប្រេង​ឥន្ធនៈ និង វត្ថុធាតុដើមសម្រាប់វិស័យកសិកម្មផ្សេងទៀត។

កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរត្រូវបានព្យាករថានឹងធ្លាក់ចុះ ដោយសារតែតម្រូវការ​​ខាងក្រៅខ្សោយនៅក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុប ដែលជាទិសដៅនាំចេញដ៏សំខាន់។ ទោះជាយ៉ាងណាក៏ដោយ វិស័យ​ឧស្សា​ហកម្មនៅតែបន្តទទួលបានអត្ថប្រយោជន៍ពីកំណែទម្រង់ គោលនយោបាយរួមទាំងច្បាប់វិនិយោគឆ្នាំ ២០២១ ដែល​បានបង្កើតសេវាកម្មច្រកចេញចូលតែមួយ សម្រាប់អ្នកវិនិយោគ និងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ។

ផលិតផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៥,៨% ក្នុងឆ្នាំ ២០២៣ មុននឹងហក់ដល់ ៧,៨% នៅឆ្នាំ ២០២៤។ កំណើន​វិស័យសំណង់ត្រូវបានរំពឹងថានឹងនៅតែយឺត។ វិស័យកសិកម្មត្រូវបាន ព្យាករថានឹងកើនឡើង ១,១% នៅឆ្នាំនេះ និង ១,២% ក្នុងឆ្នាំ ២០២៤ ដែលជំរុញដោយទិន្នផលដំណាំ សម្រាប់ការនាំចេញ។

លោកស្រី Jyotsana Varma បានបន្ថែមថា «ហានិភ័យដែលអាចធ្វើឱ្យប្រែប្រួលទស្សនវិស័យនេះរួមមានកំណើនខ្សោយ​នៅសហរ​ដ្ឋ​អាមេរិក​​និងអឺរ៉ុប កម្រិតខ្ពស់នៃបំណុលឯកជន កំណើនតិចជាងការរំពឹងទុកនៃការមកដល់នៃភ្ញៀវទេសចរ​និងការ​វិនិយោគផ្ទាល់ពីបរទេស​ពីសាធារណៈរដ្ឋប្រជាមានិតចិន តម្លៃថាមពលខ្ពស់ និងព្រឹត្តិការណ៍អាកាសធាតុអាក្រក់​ដែលប៉ះពាល់ដល់ផលិតភាពកសិកម្ម»៕ អត្ថបទ៖សារេត