សម្តេចតេជោ ជំរុញឱ្យមានការកែច្នៃ​ផលិតផលនានាដែល​ស្របតាមភូមិឋាន ដើម្បីលើកកម្ពស់​ជីវភាពប្រជាជន

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានជំរុញតាមមូលដ្ឋាន ឱ្យមានការកែច្នៃផលិតផលនានាដែលស្របតាមភូមិឋាន ដើម្បីលើកកម្ពស់ជីវភាពប្រជាជនឱ្យកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញនេះ បានធ្វើឡើង តាមយៈសារលិខិតអបអរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាទិញផលិតខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ» ដែលចេញផ្សាយកាលពីថ្ងៃទី៣ ខែមេសា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងតាមរយៈសារលិខិតខាងលើថា ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវយកចិត្តទុកដាក់ជំរុញ និងបំផុសតាមមូលដ្ឋានឱ្យមានការកែច្នៃផលិតផលនានាដែលមានលក្ខណៈសមស្របតាមភូមិឋាន ជាពិសេសស្រូបយកនូវផលិតផលកសិកម្មកែច្នៃជាចំណីអាហារ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់បម្រើទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជនឱ្យកាន់តែល្អប្រសើរឡើង ស្របតាមគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ។

ក្រៅពីជំរុញឱ្យមានការកែច្នៃផលិតផលនានាដែលស្របតាមភូមិឋានហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បាន ស្នើដល់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការគ្នារៀបចំប្រកបដោយប្រសិទ្ធភាព ក្នុងការប្រារព្ធ និងផ្សព្វផ្សាយសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនប្រជាផលិតកររបស់យើងផងដែរ។

គួរបញ្ជាក់ដែរថា តាមរយៈសារលិខិតដដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើដល់គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទាំងអស់ ត្រូវបន្តសហការជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងការចងក្រងបណ្តាញសមាជិកចលនាភូមិមួយផលិតផលមួយឱ្យបានទូលំទូលាយ និងកៀរគរដៃគូនានាសហការរៀបចំឱ្យមានព្រឹត្តិការណ៍តាំងបង្ហាញ និងលក់ទិញផលិតផលខ្មែរ តាមទីកន្លែងដែលមានសក្តានុពលទូទាំងប្រទេសថែមទៀត៕ អត្ថបទ៖ ពិសី