ក្រុមហ៊ុនលក់រថយន្តទំនើប៣បានបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនកំពុងបង្ករក្តីបារម្ភដល់វិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមដើមខែមេសាឆ្នំា២០២៣នេះមានក្រុមហ៊ុននាំចូលរថយន្តទំនើបៗចំនួន៣ក្រុមហ៊ុនបានប្រកាសបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាដោយសារពុំអាចប្រកួតប្រជែងទីផ្សារបាន។ការបញ្ឈប់ប្រតិបត្តិការរបស់ក្រុមហ៊ុនទំាង៣នេះក៏បាននិងកំពុងបង្ករក្តីបារម្ភផងដែរទៅដល់វិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ថ្មីៗនេះបានសម្តែងការសោកស្តាយក្រោយពេលក្រុមហ៊ុន Precision Car Cambodia ដែលជាសមាជិករបស់សហព័ន្ធនិងជាក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយផ្តាច់មុខរថយន្តម៉ាក Porsche ក្នុងប្រទេសកម្ពុជាពុំអាចបន្តដំណើរការអាជីវកម្មរបស់ខ្លួនបន្តទៀតនៅក្នុងប្រទេសកម្ពុជា។

បើតាមសហព័ន្ធឧស្សាហកម្មយានយន្តគូសបញ្ជាក់ថា «នេះជាក្រុមហ៊ុនរថយន្តប្រណីតទី៣ ដែលបានប្រកាសបញ្ឈប់ការចែកចាយរថយន្តប្រណីតក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុន Mercedes Benz និង ក្រុមហ៊ុន Audi បានប្រកាសបញ្ឈប់ប្រតិបត្តិការអាជីវកម្មរៀងៗខ្លួន កាលពីចុងឆ្នាំ ២០២២ និង ចុងខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកនេះ ដោយពុំអាចមានលទ្ធភាពប្រកួតប្រជែងក្នុងទីផ្សារប្រទេសកម្ពុជាបាន»។

ក្នុងនាមសហព័ន្ធ ដែលជាតំណាងក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយក្នុងប្រទេសកម្ពុជា បាននឹងកំពុងស្វែងរកដំណោះស្រាយជាមួយក្រសួងសាម៉ីក៏ប៉ុន្តែនៅពុំទាន់មានដំណោះស្រាយសមស្របណាមួយជូនដល់សមាជិករបស់សហព័ន្ធដែលកំពុងជួបប្រទះនឹងបញ្ហាដូចគ្នានេះ ដែលនឹងអាចឈានដល់ការបិទក្រុមហ៊ុនជាបន្តបន្ទាប់នាពេលខាងមុខ។

អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានឱ្យដឹងថាបញ្ហានេះយើងគួរបារម្ភទំាងអស់គ្នាដែរ ហើយបញ្ហាមិនមែនដោយសារតែរថយន្តទំាងអស់នោះលក់មិនបាននោះទេ គឺលក់បានមួយចំនួន ហើយរថយន្តទំាងនោះមានវត្តមាននៅក្នុងស្រុកខ្មែរ។

លោក ងន សាំង អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបញ្ជាក់ថា «ប៉ុន្តែអ្វីដែលសំខាន់ក្រុមហ៊ុនដែលមកវិនិយោគផ្ទាល់ទាក់ទងនិងខាងរថយន្តគាត់រកស៊ីអត់បានទេ ដោយសារតែតម្លៃរថយន្តដែលគាត់លក់វាថ្លៃជាងអ្នកលក់ខាងក្រៅ។ខាងក្រុមហ៊ុនលក់ថ្លៃជាងអ្នកខាងក្រៅនេះមិនមែនមានន័យថាគាត់យកចំណេញច្រើនជាងនោះទេគឺដោយសារការបង់ពន្ធចំណាយច្រើនជាង ព្រោះបារ៉ែនពន្ធរបស់កម្ពុជាវាមិនទាន់ត្រូវទៅតាមតម្លៃពិតប្រាកដដែលរថយន្តនោះនាំចូលមក»។

លោក ងន សំាង លើកជាឧទាហរណ៍ថារថយន្តមួយគ្រឿងយកចេញពីរោងចក្រមានតម្លៃ១០ម៉ឺនដុល្លារអាមេរិក ប៉ុន្តែបារ៉ែនពន្ធរបស់កម្ពុជាវានៅទាមជាងនេះ។ដូចនេះសម្រាប់ក្រុមហ៊ុនត្រូវបង់ពន្ធលើតម្លៃ១០ម៉ឺនដុល្លារអាមេរិក តែអ្នកខាងក្រៅគេនាំចូលមកគេបង់ពន្ធតិចជាងខាងក្រុមហ៊ុន ហេតុដូច្នេះធ្វើឱ្យការលក់មិនអាចប្រកួតប្រជែងឈ្នះគេទេ អ៊ីចឹងត្រូវការបិទទ្វា។ លោកបញ្ជាក់ថា «នេះគឺជាមូលហេតុចម្បងតែម្តងចំពោះការបិទទ្វារបស់ក្រុមហ៊ុនខាងលើ»។
បើយោងតាមអនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នៅពេលកន្លងមករថយន្តទំាង៣ប្រភេទបើតាមការប៉ាន់ប្រមាណរបស់អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាថាក្នុងមួយឆ្នំាអាចលក់បានពី៤០០ទៅ៥០០គ្រឿង ហើយបច្ចុប្បន្នក្នុងនាមជាសហព័ន្ធឧស្សាហកម្មយានយន្ត កំពុងចរចារជាមួយខាងរាជរដ្ឋាភិបាលដែលជាដៃគូដែរ ដោយស្នើសុំឱ្យរាជរដ្ឋាភិបាលពិនិត្យតម្លៃរដ្ឋយន្តនោះឡើងវិញ។បានន័យថាបើក្រុមហ៊ុនមានសិទ្ធនាំចូលពិតប្រាកដត្រូវបង់ពន្ធ១ម៉ឺនដុល្លារអាមេរិក សូមឱ្យអ្នកដទៃដែលនាំចូលផ្សេងទៀតត្រូវបង់១ម៉ឺនដុល្លារអាមេរិកដូចគ្នាដើម្បីឱ្យមានតម្លាភាព។ បច្ចុប្បន្នសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាមានសមាជិកជាង២០ក្រុមហ៊ុនរាប់ចូលទំាងក្រុមហ៊ុនទំាងបីដែលបានបញ្ឈប់អាជីវកម្ម៕អត្ថបទ៖សារេត