សម្តេចតេជោ ហ៊ុន សែន នឹងស្នើព្រះមហាក្សត្រ ផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago របស់ប្រេស៊ីល

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែមេសានេះ ប្រកាសជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន ២០,០០០ដុល្លារ ដើម្បីជាការលើកទឹកចិត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោក៏បានបញ្ជាក់លើបណ្តាញសង្គមតេឡេក្រាមថា  ប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល សម្តេចតេជោនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago ។

សូមជម្រាបជូនថា កីឡាករ​មានដើមកំណើត​នៅ​ប្រទេស​​ប្រេស៊ីល Thiago Teixeira បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា មានការ​ភ្ញាក់​ផ្អើល និង​កោតសរសើរ​ខ្លាំង បន្ទាប់ពី​រូបគេ បាន​ផ្តួល​កីឡាករ​របស់អង់គ្លេស Joe Craven ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ដើម្បី​ក្លាយជាម្ចាស់​ខ្សែ​ក្រវាត់កម្រិតពិភព​លោក WMO (World Muaythai Organization) សម្រាប់ការ​ប្រកួត​តំណាង​ឱ្យកម្ពុជា ជា​លើកដំបូង កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២៣។

លោក Thiago ធ្លាប់ជាអ្នកប្រដាល់ Muay Thai ហើយក្រោយមកដោយយល់កាន់តែ​ច្បាស់គុនខ្មែរ លោកក៏សម្រេច​ងាក​ចិត្តចេញ​​ពី​​ប្រដាល់​ Muay Thai ដែល​រូប​គេ បាន​ហ្វឹក​ហាត់ តាំងពី​អាយុ​១៦​ឆ្នាំ ហើយ​នេះជា​មូល​ហេតុចម្បង​ដែល​ចងចិត្ត​អ្នកប្រយុទ្ធ​របស់​​ប្រេស៊ីល​​រូបនេះ ឱ្យ​យល់​ព្រមប្រកួត​តំណាង​ឱ្យ​កម្ពុជា ដើម្បី​ជួយផ្សព្វ​ផ្សាយ «គុនខ្មែរ» ទៅ​កាន់​ពិភព​​លោក៕