ទំហំពាណិជ្ជកម្មកម្ពុជា​ជាមួយអន្តរជាតិ សម្រេចបានជាង១១ពាន់លានដុល្លារ ក្នុងរយៈពេល៣ខែឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

រយៈពេល៣ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងតម្លៃជាង ១១ពាន់លានដុល្លារ ថយចុះ១៤.៥% ខណៈការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិក៏ធ្លាក់ចុះជាង៥% ផងដែរ។នេះបើយោងតាមរបាយការណ៍ ពីអគ្គនាយកគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងទៀតថា រយៈពេល៣ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិបានជាង ៥.៣ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ៥.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

អង្គភាពដដែល បានបញ្ជាក់ទៀតថា ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ​ ការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិសម្រេចបាន ៥.៣ពាន់លានដុល្លារ ថយចុះ៥.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានតម្លៃ ៥.៧ពាន់លានដុល្លារ។ ​ជាមួយគ្នានេះ កម្ពុជាបាននាំចូលទំនិញពីទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ៥.៩ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ២១.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ដែលមានតម្លៃ ៧.៤ពាន់លានដុល្លារផងដែរ។

គួរបញ្ជាក់ដែរថា​ ក្នុងរយៈពេលនេះដែរ ផលិតផលសម្លៀកបំពាក់កម្ពុជា ត្រូវបាននាំចេញក្នុងតម្លៃ ១.៦ពាន់លានដុល្លារ ​, ម៉ាស៊ីន ​ឧបករណ៍អគ្គិសនី ​និងគ្រឿងបង្គុំផ្សេងៗនាំចេញក្នុងតម្លៃ ៧៣៦លានដុល្លារអាមេរិក​, ស្បែកជើងនាំចេញបាន ៣២៣លានដុល្លារ, កៅស៊ូ នាំចេញបាន ១៦៨លានដុល្លារ រួមនឹងទំនិញផ្សេងទៀត។នេះបើតាមការបញ្ជាក់បន្ថែមពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕