ឧកញ៉ា លឹម ហេង៖ កិច្ចសហប្រតិបត្តិការទូទាត់និងការផ្ទេរប្រាក់ឆ្លងដែនរវាងកម្ពុជា-ឥណ្ឌាធ្វើឱ្យពាណិជ្ជករចាប់អារម្មណ៍វិនិយោគកាន់តែខ្លំាង

សង្គម​និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជាថ្មីៗនេះបានបង្ហាញព័ត៌មានអំពី«ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយស្ថាប័ន NPCI International Payments Limited ស្តីពីកិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា» ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសទំាងពីរ។ការចុះអនុស្សរណៈយោគយល់គ្នានេះត្រូវបានអ្នកជំនាញផ្នែកពាណិជ្ជកម្មនៅក្នុងស្រុកមើលឃើញថានឹងធ្វើពាណិជ្ជករឬអ្នកវិនិយោគមានការចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគកាន់តែខ្លំាងស្របពេលប្រព័ន្ធទូទាត់មានភាពកាន់តែងាយស្រួល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា លឹម ហេង អ្នកជំនាញខាងផ្នែកពាណិជ្ជកម្ម និងជាអនុប្រធានសភាពពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា បើសិនការទូទាត់មានកាន់តែច្រើនគឺកាន់តែល្អ មិនថាការទូទាត់ធ្វើឡើងតាមរបៀបណានោះទេ ហើយមកដល់ពេលនេះកម្ពុជាអាចធ្វើការទូទាត់ជាមួយឥណ្ឌាថែមមួយទៀតគឺកាន់តែប្រសើរ,ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាឥណ្ឌាកាន់តែល្អ ហើយវាជាចំណុចទាក់ទាញអ្នកវិនិយោគផងដែរ។

លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា «ការទូទាត់ ការជួញដូរ ការធ្វើពាណិជ្ជកម្មនិងហិរញ្ញវត្ថុផ្សេងៗ កាន់តែងាយស្រួលនិងធ្វើឱ្យពាណិជ្ជករទំាងពីរប្រទេសរវាងកម្ពុជានិងឥណ្ឌាមានការចាប់អារម្មណ៍ខ្លំាងទៅលើការរកស៊ី។ប្រទេសណាអាចបង្វែរប្រាក់ចំណេញ ឬប្រាក់ចំណូលមានភាពងាយស្រួលគេចាប់អារម្មណ៍ចូលមកវិនិយោគនៅក្នុងប្រទេសនោះកាន់តែច្រើន»។

យោងតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បើកម្ពុជាមានកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌានេះធ្វើឱ្យពាណិជ្ជករនៅក្នុងប្រទេសទំាងសងខាងគឺមានការចាប់អារម្មណ៍កាន់តែខ្លាំងលើការវិនិយោគ រួមទំាងការធ្វើពាណិជ្ជកម្មផ្សេងៗជាមួយគ្នា។

ពាក់ព័ន្ធនិងអនុស្សរណៈយោគយល់ជាមួយស្ថាប័ន NPCI International Payments Limited ស្តីពី កិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា,បើយោងតាមធនាគារជាតិនៃកម្ពុជាគូសបញ្ជាក់ថា «គោលបំណងនៃការចុះអនុស្សរណៈយោគយល់ខាងលើនេះ គឺដើម្បីបង្កើតជាក្របខណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍការតភ្ជាប់ និងអន្តរប្រតិបត្តិការជាឌីជីថល គាំទ្រដល់ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសទាំងពីរ។ ការចុះអនុស្សរណៈយោគយល់នេះ នឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក្នុងការប្រើប្រាស់បណ្តាញផ្លូវការសម្រាប់ធ្វើប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនប្រកបដោយសុវត្ថិភាព ងាយស្រួល និងតម្លៃសមរម្យ។ លើសពីនេះ ការតភ្ជាប់ការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនខាងលើត្រូវបានរំពឹងថា នឹងក្លាយជាកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលមួយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលនឹងរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្ម សម្រាប់ប្រទេសទាំងពីរនាពេលអនាគត»៕​​ អត្ថបទ៖សារេត