កម្ពុជាជាប់ក្នុងបញ្ជីប្រទេសកំពុងអភិវឌ្ឍន៍ មានកំណើនសេដ្ឋកិច្ចលឿនបំផុតលើលោក

សង្គម​និង​សេដ្ឋកិច្ច

កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជា​បានលេច​មុខ​លើ​បញ្ជី​ប្រទេស​កំពុងអភិវឌ្ឍន៍ មានកំណើន​សេដ្ឋកិច្ចលឿនបំផុត​លើលោក ដោយ​ជាប់ក្នុងលេខរៀងទី ១៤ ក្នុងចំណោម ១៦ ប្រទេស ដែល​គេហទំព័រ Yahoo បានចុះផ្សាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការសង្កេតយ៉ាងដិតដល់ ប្រទេសកំពុងអភិវឌ្ឍន៍ និងមានកំណើនសេដ្ឋកិច្ច​យ៉ាង​ល្អ​នោះ ភាគច្រើន​គឺ​ស្ថិតនៅ​ទ្វីបអាស៊ី និងអាហ្វ្រិក ដ្បិត​ប្រទេសទាំងនោះ​មិនសូវ​រងឥទ្ធិពល​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន​ ដូចនៅបណ្ដាប្រទេសលោកខាងលិច និង​អឺរ៉ុបឡើយ។

ក្នុងនោះ កម្ពុជា​មាន​កំណើនសេដ្ឋកិច្ចប្រមាណ ៥,៨% ដូចទៅនឹងវៀតណាម ខណៈឥណ្ឌា​ដែលជា​មហាអំណាចអាស៊ីមួយ មានកំណើនសេដ្ឋកិច្ច ៥,៩%។

សូមជម្រាបដែរថា បណ្ដាប្រទេសនៅអាស៊ីកំពុងមានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ តួយ៉ាង​កាលពីឆ្នាំទៅ វៀតណាម​មាន​កំណើនសេដ្ឋកិច្ច ៨% ដែលធ្វើឲ្យពួកគេក្លាយជា​ប្រទេសមាន​កំណើនសេដ្ឋកិច្ចលឿនបំផុត​លើលោក​មួយ។

ដោយឡែក ដើម្បីរៀបចំបញ្ជីប្រទេសកំពុងអភិវឌ្ឍន៍លឿនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៣ Yahoo អនុវត្តនិយមន័យរបស់ IMF នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ហើយដាក់ចំណាត់ថ្នាក់ពួកគេដោយផ្អែកលើការព្យាករនៃការផ្លាស់ប្តូរភាគរយប្រចាំឆ្នាំ២០២៣ ក្នុងកំណើន GDP ពិតប្រាកដ ដែលទទួលបានពី IMF ផងដែរ។

ដោយឡែក ប្រទេសកំពុងអភិវឌ្ឍន៍ដែលមាន GDP តិចជាង ១ពាន់លានដុល្លារ នឹងមិនត្រូវរាប់បញ្ចូលក្នុងបញ្ជីមួយនេះឡើយ បើទោះជាពួកគេ​មានកំណើនសេដ្ឋកិច្ចលឿន​ប៉ុណ្ណាក៏ដោយ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេសទាំង ១៦ ដែល Yahoo ចាត់ទុកជាប្រទេសកំពុងអភិវឌ្ឍន៍ មានកំណើនសេដ្ឋកិច្ចលឿនបំផុតលើលោក៖

១៦/ប្រទេសអ៊ូហ្គង់ដា មានកំណើនសេដ្ឋកិច្ច ៥,៧%

១៥/ប្រទេសវៀតណាម មានកំណើនសេដ្ឋកិច្ច ៥,៨%

១៤/ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ច ៥,៨%

១៣/ប្រទេសឥណ្ឌា មានកំណើនសេដ្ឋកិច្ច ៥,៩%

១២/ប្រទេសហ្វីលីពីន មានកំណើនសេដ្ឋកិច្ច ៦%

១១/ប្រទេសបេនីន មានកំណើនសេដ្ឋកិច្ច ៦%

១០/ប្រទេសនីហ្សេរីយ៉ា មានកំណើនសេដ្ឋកិច្ច ៦,១%

៩/ប្រទេសអេត្យូពី មានកំណើនសេដ្ឋកិច្ច ៦,១%

៨/ប្រទេសរវ៉ាន់ដា មានកំណើនសេដ្ឋកិច្ច ៦,២%

៧/ប្រទេសកូតឌីវ័រ មានកំណើនសេដ្ឋកិច្ច ៦,២%

៦/សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានកំណើនសេដ្ឋកិច្ច ៦,៣%

៥/ប្រទេសហ្វីជី មានកំណើនសេដ្ឋកិច្ច ៧%

៤/ប្រទេសម៉ាល់ឌីវ មានកំណើនសេដ្ឋកិច្ច ៧,២%

៣/ប្រទេសសេណេហ្គាល់ មានកំណើនសេដ្ឋកិច្ច ៨,៣%

២/ប្រទេសលីប៊ី មានកំណើនសេដ្ឋកិច្ច ១៧,៥%

១/ប្រទេសហ្គីយ៉ាណា មានកំណើនសេដ្ឋកិច្ច ៣៧,៥%៕