តម្លៃស្រូវប្រាំងរបស់ប្រជាកសិករខ្មែរនៅតំបន់ជាប់ព្រំដែនវៀតណាមបន្តឡើងថ្លៃខ្ពស់នៅលើទីផ្សារ

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងរយៈពេលមួយខែចុងក្រោយកន្លងទៅនេះតម្លៃស្រូវប្រភេទOM និងស្រូវ85 របស់ប្រជាកសិករស្ថិតនៅឃុំសំបួរ ស្រុកទ្រំាងខេត្តតាកែវ ឈ្មួញប្រមូលទិញស្រូវនាំចេញទៅប្រទេសវៀតណាមបន្តទិញក្នុងតម្លៃខ្ពស់ជាងពេលមុនៗ ពោលស្រូវប្រាំងរបស់កសិករក្នុងមួយគីឡូក្រាមថ្លៃក្នុងរង្វង់១.០៤០រៀលនៅត្រឹមកំពង់ទូក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមលោក គីម ដែលជាឈ្មួញប្រមូលទិញស្រូវពីប្រជាកសិករនៅក្នុងភូមិឃុំខាងលើបានឱ្យដឹងថាក្នុងមួយថ្ងៃលោកនាំចេញទៅប្រទេសវៀតណាមទំាងពីរប្រភេទមានជាង៣៧តោនឬច្រើនជាងនេះអាស្រ័យលើការប្រមូលផលរបស់កសិករ ហើយបើគិតក្នុងរយៈពេល២ខែកន្លងទៅនេះលោកបាននាំចេញស្រូវទៅវៀតណាមជាង២០០០តោន។

លោកបន្តថានៅពេលតម្លៃស្រូវប្រំាងឡើងថ្លៃដូចសព្វថ្ងៃនេះ ការនាំចេញទៅវៀតណាមហាក់មានភាពងាយស្រួលដោយឈ្មួញខាងវៀតណាមមិនមានការត្រួតពិនិត្យគុណភាពស្រូវតឹងរឹងដូចកាលតម្លៃស្រូវចុះថោក ហើយតម្លៃស្រូវប្រំាងនៅពេលខាងមុខអាចរក្សាបានតម្លៃខ្ពស់ដូចពេលសព្វថ្ងៃឬធ្លាក់ចុះវាអាស្រ័យទៅលើការបញ្ជាទិញអង្ករពីទីផ្សារខាងក្រៅ បើប្រទេសវៀតណាមទទួលបានការបញ្ជាទិញអង្ករច្រើនជួយឱ្យតម្លៃស្រូវដែលផលិតដោយកសិករខ្មែរអាចបន្តលក់បានថ្លៃ តែបើការបញ្ជាទិញថយចុះ នោះតម្លៃស្រូវប្រាកដជាធ្លាក់ចុះ។

ឈ្មួញស្រូវវៀតណាម គេទិញស្រូវពីកសិកររបស់គេថ្លៃជាងស្រូវកសិករខ្មែរ ព្រោះស្រូវវៀតណាមពេលធ្វើការគិនកែច្នៃជាអង្ករគេបានភាគរយច្រើនជាងស្រូវរបស់ពលរដ្ឋខ្មែរ។បើស្រូវកសិករខ្មែរក្នុងទំម្ងន់២០គីឡូក្រាមបានអង្ករតែ១៣គីឡូអង្ករទេ តែបើស្រូវវៀតណាមក្នុងទំម្ងន់២០គីឡូក្រាមដូចគ្នា គេគិនបានអង្ករដល់ជាង១៥គីឡូនៃអង្ករ។

យោងតាម អភិបាលខេត្តតាកែវលោក អ៊ូច ភា ធ្លាប់លើកឡើងថាសម្រាប់ខេត្តតាកែវយើងមាន៦ស្រុក-ក្រុងដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀវក្នុងនោះមានសំរោង,អង្គរបូរី,ព្រៃកាបាស់,ដូនកែវ, ទ្រាំងនិងបូរីជលសារ។គិតជារួមមានជាង៦ពាន់ហិកតាខូចខាតនិងប៉ះពាល់មានជាង២ម៉ឺនហិកតា៕ អត្ថបទ៖សារេត