សណ្ឋាគារ សាន់ & មូន រីវើសាយ តម្លៃ ៦០លានដុល្លារ សម្ពោធជាផ្លូវការ លើកមុខមាត់កម្ពុជាមុនព្រឹត្តិការណ៍សុីហ្គេម

សង្គម​និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣ នេះ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សាន់ & មូន គ្រុប បានប្រកាសសម្ពោធបើកដំណើរការជាផ្លូវការ សណ្ឋាគារផ្កាយ ៥ សាន់ & មូន រីវើសាយ តម្លៃប្រមាណ ៦០លានដុល្លារ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ផ្ដល់កិត្តិយសអញ្ជើញជាអធិបតី និងកាត់ខ្សែបូ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុង ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ សណ្ឋាគារ សាន់ & មូន រីវើសាយ ឯកឧត្ដម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ ខ្ញុំសូមចូលរួមអបអរសាទរជាមួយ ក្រុមហ៊ុនសាន់ & មូន គ្រុប ចំពោះការសម្ពោធបើកដំណើរការជាផ្លូវការ “សណ្ឋាគារ សាន់ & មូន រីវើសាយ” (Sun & Moon Riverside) ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំថ្មីមួយទៀតសម្រាប់រាជធានីភ្នំពេញដ៏ស្រស់ត្រកាលរបស់យើង។ ការបើកដំណើរការសណ្ឋាគារដ៏ទំនើបជាមួយនឹងស្តង់ដារកម្រិតពិភពលោកនេះ គឺស្របពេលដែលកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅខែឧសភា និងមិថុនា ឆ្នាំ២០២៣ ខាងមុខ ដោយនេះមិនត្រឹមតែជាឱកាសអាជីវកម្មដ៏ល្អសម្រាប់ សណ្ឋាគារ សាន់ & មូន រីវើសាយ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការលើកមុខមាត់ដល់វិស័យទេសចរណ៍ និងដល់ប្រទេសកម្ពុជាទាំងមូល តាមរយៈការបង្ហាញឱ្យឃើញពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា នៅក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាមួយនឹងសេវាកម្មបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់។

ថ្លែងសន្ទរកថាបើកកម្មវិធី អ្នកឧកញ៉ាបណ្ឌិត ជា រតនា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សាន់ & មូន គ្រុប មានប្រសាសន៍ថា ការបើកសម្ពោធសណ្ឋាគារ សាន់ & មូន រីវើសាយ គឺស្របពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា គូសបញ្ជាក់ទៀតថា សណ្ឋាគារ សាន់ & មូន រីវើសាយ ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ជាសណ្ឋាគារ ផ្លូវការសម្រាប់​ទទួលប្រតិភូជាតិ-អន្តរជាតិ ភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញមកទស្សនាការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២  និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២   នៅព្រះរាជាណាចក្រកម្ពុជា   ព្រមជាមួយគ្នានេះដែរ សណ្ឋាគារយើងខ្ញុំក៏បានទទួលពានរង្វាន់លំដាប់ពិភពលោកចំនួនពីរ គឺពាន WORLD-CLASS DESIGN HOTEL និងពាន WORLD-CLASS BANQUET / EVENT HOTEL ប្រចាំឆ្នាំ២០២៣ ពី Muse Hotel Award 2023។

ជាមួយគ្នានេះដែរ លោកឧកញ៉ាបណ្ឌិត រ៉ាត់ ដារ៉ារ័ត្ន អគ្គនាយករងក្រុមហ៊ុន សាន់ & មូន គ្រុប បានបញ្ជាក់បន្ថែមពីលក្ខណៈពិសេស របស់សណ្ឋាគារ SUN & MOON, Riverside Hotel ថា៖ សណ្ឋាគារ SUN & MOON, Riverside Hotel មានការ ប្តេជ្ញាចិត្តខ្ពស់ ដើម្បី​រក្សា​បាន​នូវ និរន្តរភាព និង ​ការ​បង្កើតថ្មីក្នុង វិស័យទេសចរណ៍ និងផ្នែក Hospitality ឈាន​មុខគេ​នៅកម្ពុជា ដែល​មាន​កម្រិត​ស្តង់​ដារ ​​អន្តរជាតិ។ ក្នុងនោះ ចំណុចស្នូលរបស់ SUN & MOON គឺការ​ប្តេជ្ញា​ ចូល​រួម​ចំណែក ក្នុងការផ្តល់នូវ ដំណោះស្រាយ នៃជម្រើស ការ​ស្នាក់នៅកម្រិតស្តង់ដារ ជូនភ្ញៀវជាតិ និងអន្តរជាតិ។

លោកឧកញ៉ា បន្ថែមទៀថា សណ្ឋាគារ SUN & MOON, Riverside Hotel ជាសណ្ឋាគារល​ំដាប់ផ្កាយ ៥ សាងសង់ឡើង មានទំហំ ផ្ទៃដី ប្រមាណ ១មុឺនម៉ែត្រការ៉េ មានអាគារកម្ពស់ ៩៩,៩ម៉ែត្រ និង ២០០ បន្ទប់គេង ដែលមានបំពាក់សុទ្ធតែសម្ភារៈ​ ​និងប្រព័ន្ធ​សុវត្ថិភាព ស្តង់ដារអន្តរជាតិ។

គួរបញ្ជាក់ថា សណ្ឋាគារ SUN & MOON, Riverside Hotel គឺជាសណ្ឋាគារលំដាប់ផ្កាយ ៥ សាងសង់ និងវិនិយោគដោយស្នាដៃកូនខ្មែរ។ នៅផ្នែកខាងក្នុងសណ្ឋាគារ ត្រូវបានរៀបចំឌីហ្សាញឡើងប្រកបដោយប្រណីតភាព និងទំនើបបំផុត មិនចាញ់សណ្ឋាគារស្តង់ដារលំដាប់អន្តរជាតិឡើយ។ តាំងពីជាន់ក្រោម ដល់លើនៃសណ្ឋាគារ មានគ្រប់មុខងារដែលជាតម្រូវការផ្នែកបដិសណ្ឋារកិច្ច និងការស្នាក់នៅជូនភ្ញៀវមិនឱ្យខកបំណងឡើយ៕